ខ្មែរប៉ុស្ដិ៍ Close

ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ចូលរួមទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣ 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 34
ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ចូលរួមទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣  ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ចូលរួមទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣ 

លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តទេពពោធិ៍វង្ស នាភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ទិវាជាតិចងចាំនេះ បាននិមន្តព្រះមេគុណ និងព្រះថេរានុថេរៈ សរុបចំនួន៧៤អង្គ ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសរម្លឹកដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ខ្មែររាប់លាននាក់ ដែលបានស្លាប់ផង និងរម្លឹកដល់សោកនាដកម្មដែលរបបអាវខ្មៅប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃផង។

នៅក្នុងការប្រារព្ធពិធីទិវាជាតិចងចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួបជាអធិបតី ពីសំណាក់អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិករដ្ឋសភា សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងសៀមរាប កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថតំបន់ប្រតិបត្តិការសឹករង កងពលធំអន្តរាគមន៍លេខ២ យោធភូមិភាគទី៤ ចៅសង្កាត់ទាំង១២ ប្រជាពលរដ្ឋ គរុសិស្ស សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ព្រះសង្ឃ តាជីយាយជី សរុបចំនួន១០៤២ អង្គ-នាក់។

ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា តែងចូលរួមប្រារព្ធទិវាជាតិចងចាំ មិនដែលអាក់ខានឡើយជាមួយអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ចងចាំនូវមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយក្រុមប៉ុលពត ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាជាង៣លាននាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍របស់ក្រុមអាវខ្មៅ៕

អត្ថបទ:លោក យី សុថា
រូបភាព: ហាប់ គឹមអាន