ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈពលរដ្ឋ៖ កំហុសធំ២ ដែលសម រង្សុី បានធ្វើចំពោះជាតិ គឺស័ក្តិសមនឹងទទួលបានងារជា « ជនក្បត់ជាតិ» ដូចខ្មោចឪពុករបស់ខ្លួនមែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 57
ទស្សនៈពលរដ្ឋ៖ កំហុសធំ២ ដែលសម រង្សុី បានធ្វើចំពោះជាតិ គឺស័ក្តិសមនឹងទទួលបានងារជា « ជនក្បត់ជាតិ» ដូចខ្មោចឪពុករបស់ខ្លួនមែន ទស្សនៈពលរដ្ឋ៖ កំហុសធំ២ ដែលសម រង្សុី បានធ្វើចំពោះជាតិ គឺស័ក្តិសមនឹងទទួលបានងារជា « ជនក្បត់ជាតិ» ដូចខ្មោចឪពុករបស់ខ្លួនមែន

សុភាសិតខ្មែរបានពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ»។ ពាក្យបុរាណនេះ ចង់បង្ហាញដល់មនុស្សទាំងឡាយឱ្យយល់ឃើញថា ស្លឹកឈើមិនអាចជ្រុះទៅណា ឆ្ងាយពីដើមរបស់វាឡើយ ទោះបីជាមានខ្យល់បោកទៅណាក៏ដោយ យ៉ាងច្រើននៅវិលវល់ៗ ម្តុំគល់របស់វាប៉ុណ្ណោះ។ បើប្រៀប​ទៅនឹងមនុស្សយើងវិញពាក្យថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» នេះ គឺសម្តៅលើ ឪពុកយ៉ាងម៉េច កូនក៏មិនមានអ្វីខុសទៅណាឆ្ងាយពីឪពុកខ្លួនដែរ។

នាថ្មីៗនេះ អ្នកនយោបាយស្ទើភ្លើងខ្មែរមួយរូប ត្រូវបានមហាជន និងប្រជាជនខ្មែរដៀលត្មេះ និងរិះគន់យ៉ាងចាស់ដៃថា កំពុងដើរតាមគន្លងក្បត់ជាតិរបស់ឪពុករបស់ខ្លួន ដែលឃុបឃិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។ លោក សម សារី អ្នកនយោបាយខ្មែរ សម័យសង្គមរាស្រ្តនិយមទី១ ត្រូវបានអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ប្រទានងារថាជា «ជនក្បត់ជាតិ» ដោយសារតែ សកម្មភាពនយោបាយរបស់បុគ្គលម្នាក់នេះ បម្រើដល់ផលប្រយោជន៍របស់បរទេស ជាងប្រយោជន៍ជាតិ ហើយធ្វើសកម្មភាពអ្វីៗ មិនបានគិតដល់ជាតិខ្មែរជាធំឡើយ។ ដោយឡែក លោក សម រង្ស៊ី ដែលជាកូនរបស់ជនក្បត់ជាតិ សម សារី (ហៅតាមសម្តេច សីហនុ) នេះវិញ នាពេលនេះក៏ចាប់ផ្តើមលានកន្ទុយរបស់ខ្លួនចេញ នូវទង្វើក្បត់ជាតិ មិនខុសពីឪពុករបស់លោក។

កំហុសធំពីររបស់ លោក សម រង្សុី ដែលលេចឡើង នាថ្មីៗនេះ ត្រូវបានគេមើលឃើញថាគឺជាទង្វើក្បត់ជាតិ ដូចទៅនឹងខ្មោចឪពុករបស់ខ្លួននោះ គឺទី១៖ការលួចចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរឱ្យជនបរទេស និងទី២៖ ការជួលក្រុមហ៊ុនបរទេស ឱ្យសរសេរព័ត៌មានបំភ្លៃនានា ដើម្បីឱ្យពិភពលោកដាក់សម្ពាធលើកម្ពុជា និងមើលឃើញកម្ពុជាខ្មៅងងឹត។

ក្នុងកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី ជាមួយលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ឬ យួន Degar ដែលធ្វើឡើងជាបន្តបន្ទាប់ នៅខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣ លោក សម រង្ស៉ី បានសន្យាប្រគល់ខេត្តកម្ពុជាចំនួន៤ រួមមានខេត្តមណ្ឌលគិរី, រតនគិរី, ក្រចេះ និងស្ទឹងត្រែង ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ាគ្រប់គ្រងដោយស្វយ័ត នៅពេលដែលគណបក្សសង្រ្គោះជាតិរបស់លោក ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ការចុះកិច្ចព្រមព្រៀងបែបនេះ គឺខុសធ្ងន់ធ្ងរទៅនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងថា ប្រទេសកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន និងបូរណភាពទឹកដីកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០០០០។

ចំពោះករណីជួលក្រុមហ៊ុនបរទេស ឱ្យសរសេរព័ត៌មានបំភ្លៃនានា ដើម្បីឱ្យពិភពលោកដាក់សម្ពាធលើកម្ពុជាឯណោះវិញ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានជួលក្រុមហ៊ុនបរទេសមួយឈ្មោះ Berlin Rosen ក្នុងតម្លៃទឹកប្រាក់ ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីឲ្យក្រុមហ៊ុននេះប្រឌិតរឿង បំប៉ោងរឿង ហើយសរសេរអត្ថបទអាក្រក់ៗពីកម្ពុជា យកទៅចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិធំៗ។ គោលដៅរបស់ លោក សម រង្ស៊ី គឺបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា​ ដើម្បីបំភាន់សហគមន៍អន្តរជាតិ ឲ្យមើលឃើញថា កម្ពុជាមានសភាពខ្មៅងងឹត ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញ បើទោះបីជារដ្ឋាភិបាលព្យាយាម បកស្រាយបង្ហាញការពិតយ៉ាងណាក៏ដោយ។ ការខិតខំបំភ្លៃព័ត៌មាន បំប៉ោងសភាពការណ៍នេះ ដើម្បីឱ្យបរទេសផ្តាច់ជំនួយ និងឈប់ទិញសម្លៀកបំពាក់កម្ពុជានេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋក្នុងប្រទេស ជាពិសេសកម្មករដែលអាស្រ័យផលលើវិស័យកាត់ដេរជាដើម។

កំហុសធំៗទាំងពីរនេះហើយ គឺបានបង្ហាញយ៉ាងច្បាស់ នូវអំពើក្បត់របស់សមរង្សុី ដែលត្រូវតែកត់ត្រាក្នុងប្រវត្តិសាស្ត្រជាតិ ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង។ ក្នុងដំណាក់កាលពីរសម័យកាល នៃរបបរាជានិយមកម្ពុជាគឺ៖ លោក សម សារី ត្រូវបានសង្គមរាស្ត្រនិយមទី១ របស់សម្តេចព្រះនរោត្តមសីហនុប្រកាសថាជា« ជនក្បត់ជាតិ »។ ឯក្នុងរបបរាជានិយមថ្មីទី២នេះ លោកសមរង្សុីក៏បានធ្វើនយោបាយចូលក្នុងគន្លងផ្លូវខ្មោចឪពុកដដែល។

ម្ល៉ោះហើយ ! យោងទៅលើកំហុសដ៏ធ្ងន់ធ្ងរទាំងនេះ លោក សម រង្សុី គឺពិតជាស័ក្តិសមណាស់ នឹងទទួលបានងារជា « ជនក្បត់ជាតិ» ដូចខ្មោចឪពុករបស់ខ្លួន៕

អត្ថបទទាក់ទង