ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន១,៧៥៣នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 898
    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន១,៧៥៣នាក់ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន១,៧៥៣នាក់

    នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

    ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។

    ក្នុងឱកាសអញ្ជើញសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

    1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់និទ្ទេស A នៅក្នុងឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ១,៧៥៣នាក់ គឺជារឿងដ៏រីករាយ។
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាល ដែលមានកូនក្លាយជាសិស្សឆ្នើម។
    3. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះសិស្សទាំងអស់ ដែលបានប្រលងជាប់បាក់ឌុបឆ្នាំ២០២១។
    4. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសម្តែងការសោកស្តាយចំពោះសិស្សដែលប្រលងធ្លាក់។ សម្តេចតេជោ សង្ឃឹមពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។
    5. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការស្រាវជ្រាវពីមូលហេតុ ដែលនាំឱ្យសិស្សនិទ្ទេស A មួយចំនួន មិនទាន់បានចូលមហាវិទ្យាល័យ។
    6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រេងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ-១៩។
    7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀនពេលជំងឺកូវីដ-១៩ រាតត្បាត គឺដើម្បីធានាអាយុជីវិតសិស្ស និងគ្រូបង្រៀន។
    8. សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកសិស្ស និស្សិតនៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង បន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
    9. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រើវ៉ាក់សាំង Pfizer អាមេរិក ដឹកមកដល់កម្ពុជាព្រឹកនេះ ជាដូសជំរុញ។
    10. រដ្ឋមន្ត្រីក្រសួងអប់រំ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា សិស្សនិទ្ទេស A មិនទាន់បានចូលមហាវិទ្យាល័យ គឺពួកគេរង់ចាំប្រលងចូលសាលាពេទ្យ។
    11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាណាព្យាបាល ដែលបានគ្រប់គ្រងកូនបានល្អក្នុងពេលរាតត្បាតជំងឺកូវីដ-១៩ ហើយជួយឱ្យពួកគេនៅបន្តបានការសិក្សារៀនសូត្រ។ សម្តេចតេជោ ចាត់ទុកនេះជារឿងដ៏មានមោទនភាពសម្រាប់ជាតិកម្ពុជា។
    12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភាពលើវិស័យអប់រំ បានធ្វើឱ្យមានការយកចិត្តទុកដាក់លើការអប់រំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
    13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្រក់ទឹកភ្នែកនៅពេលបានស្តាប់ចម្រៀងមួយបទនិពន្ធដោយជនជាតិជប៉ុន ពេលឃើញស្ថានភាពធ្លុះធ្លាយ នៃសាលារៀនខ្មែរពីអតីតកាល។
    14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានចំណាត់ការឱ្យបានល្អលើការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទេ មិនអាចធ្វើឱ្យពលរដ្ឋលេងសប្បាយពេលចូលឆ្នាំថ្មីប្រពៃណីជាតិនោះឡើយ។
    15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលការដឹកនាំរបស់សម្តេចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
    16. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺមានចលនារារាំងរបស់មនុស្សមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង តែទីបំផុតប្រជាពលរដ្ឋស្តាប់រាជរដ្ឋាភិបាល ហើយចេញទៅចាក់វ៉ាក់សាំង។
    17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាសម្តេចមិនអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹងនៅដេកគុកនៅឡើយទេ។
    18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យសម្តេចបង្ខំចិត្តចេញអន្តរាគមន៍។
    19. សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ចុងក្រោយសំណុំរឿងត្រូវបានសម្រួលបញ្ចប់ ដោយឧកញ៉ា ហេង សៀ បានទទួលស្គាល់កំហុសរបស់ខ្លួន។
    20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចធ្វើជាតិរិច្ឆានអង្គុយមើលរឿងអយុត្តិធម៌នៃការរំលោភបំពានទៅលើកញ្ញា ពេជ្រ រីតា ពីសំណាក់ឧកញ៉ា ហេង សៀ នោះឡើយ។
    21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមេដឹកនាំដែលចូលចិត្តសង្កេតរាល់កិច្ចការមិនថាការងារតូច ឬធំនោះឡើយ។ ការបញ្ជាក់នេះ គឺតបនឹងមនុស្សចំនួនដែលបានរិះគន់សម្តេច រឿងអន្តរាគមន៍លើការងារផ្សេងៗ។
    22. សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់សិស្ស និងអាណាព្យាបាល ឱ្យក្តាប់ឱ្យជាប់នូវឱកាសសន្តិភាព ដែលមនុស្សជំនាន់មិនមាន។
    23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកាលពីអតីតកាលកម្សត់ណាស់ ទម្រាំងើបឈរបានដូចស្ថានភាពពេលបច្ចុប្បន្ន។
    24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ សាលារត់រកសិស្ស តែពេលបច្ចុប្បន្នសាលារត់រកសិស្ស។
    25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។
    26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាំដើមឈើប្រើពេលខ្លីទទួលបានផល តែការកសាងធនធានមនុស្សត្រូវការពេលវេលាយូរឆ្នាំ។
    27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំ ត្រូវតែបន្តធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីធ្វើឱ្យការអប់រំកាន់តែប្រសើរ។
    28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងមួយចំនួនរិះគន់ការអប់រំនៅស្រុកខ្មែរ តែពេលចេញទៅក្រៅស្រុកត្រូវបានគេហៅសុទ្ធតែជាបណ្ឌិត ខណៈពួកគេបានទទួលការអប់រំត្រឹមស្រុកខ្មែរ។
    29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខាលើអនុក្រឹត្យរើសកងទ័ពជាង ៣០០នាក់ សម្រាប់បំពេញការងារផ្នែកកងទ័ពអាកាស។
    30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមនុស្សត្រូវមានការទទួលខុសត្រូវ យ៉ាងហោចណាស់ផ្នែកសីលធម៌ សម្រាប់សំណុំរឿងឧកញ៉ា ហេង សៀ និងកញ្ញា ពេជ្រ រីតា។
    31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទេ។ កម្ពុជាទើបយកឈ្នះលើសមរភូមិកូវីដ-១៩ មិនទាន់ឈ្នះលើសង្គ្រាមកូវីដ-១៩នៅឡើយទេ។
    32. សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានសិស្សនិទ្ទេស A ពីរនាក់ និងអាណាព្យាបាលម្នាក់ បានរកឃើញជំងឺកូវីដ-១៩ ពេលធ្វើតេស្ត្តរហ័សមុនចូលរួមកម្មវិធីសម្តេចតេជោ។
    33. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលបានចេញវីដេអូស្វាគមន៍សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងជួបជាមួយខ្មែរនៅអាមេរិក ពេលសម្តេចអញ្ជើញទៅដល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលថា មានមនុស្សប៉ុន្មាននាក់នឹងធ្វើបាតុកម្មប្រឆាំងនឹងដំណើរសម្តេចនៅអាមេរិក។
    34. សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តមិនឱ្យខ្មែរនៅអាមេរិកធ្វើបាតុកម្មប្រឆាំងនឹងអ្នកធ្វើបាតុកម្មប្រឆាំងដំណើរសម្តេច។
    35. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបន្តនៅពាក់ម៉ាស បើទោះបីសម្តេចបានប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស។
    36. សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអាណាព្យាបាលកុំប្រៀបកូនខ្លួនឯងជាមួយអ្នកដទៃ ឬសរសើរកូនអ្នកដទៃ ហើយបន្ទោសបង្អាប់កូនខ្លួនឯង។
    37. សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យយុវជនដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀន។
    38. សម្តេចតេជោ ហ៊ុន សែន ថ្លែងសរសើរលោក ហ៊ុន ម៉ាណែត ថា មិនសម្បូរអាហារហូបចុកពេលចាប់កំណើត តែភាពវៃឆ្លាតមិនចាញ់កូនៗកើតនៅភ្នំពេញ ហើយសម្បូរការហូបចុកនោះទេ។
    39. សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A រួមមាន៖ iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងថវិកា ២លានរៀល។
    40. សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលបានដឹកនាំសិស្សចូលរួមកម្មវិធី ៤២១នាក់ ក្នុង១នាក់ ទទួលបានប្រាក់ស្លឹងមួយ សៀវភៅអប់រំពីរក្បាល និងថវិកា ១លានរៀល។ សម្តេចក៏បានឧបត្ថម្ភសាលា ៤២១ ដែលមានសិស្សជាប់និទ្ទេស A ចំនួន ៣លានរៀលផងដែរ។
    41. សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងមានសេរីភាពក្នុងការជ្រើសរើស។ សម្តេចតេជោ អំពាវនាវកុំឱ្យមានអំពើហិង្សាក្នុងពេលបោះឆ្នោត ជាដំណើរការធម្មតានៃប្រជាធិបតេយ្យ មិនមែនជាការកាប់សម្លាប់គ្នា ដើម្បីឈ្នះចាញ់នោះឡើយ។
    42. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖៥៨នាទី នាព្រឹកថ្ងៃដដែល៕

    Fresh News

    អត្ថបទទាក់ទង