ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទាំងប្រាក់បៀរវត្សរបស់មន្ត្រីរាជការ និងកម្មករ នឹងត្រូវដំឡើងព្រមគ្នានៅខែមករាឆ្នាំ២០១៨ខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទាំងប្រាក់បៀរវត្សរបស់មន្ត្រីរាជការ និងកម្មករ នឹងត្រូវដំឡើងព្រមគ្នានៅខែមករាឆ្នាំ២០១៨ខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទាំងប្រាក់បៀរវត្សរបស់មន្ត្រីរាជការ និងកម្មករ នឹងត្រូវដំឡើងព្រមគ្នានៅខែមករាឆ្នាំ២០១៨ខាងមុខ

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ ទន្ទឹមនឹងប្រាក់បៀរវត្សរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កើនឡើងមិនតិចជាង ១លានរៀល ប្រាក់បៀរវត្សអប្បបរមារបស់កម្មករក៏នឹងកើតឡើងរហូតដល់១៧០ដុល្លារអាមេរិកផងដែរ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបានដល់តួលេខប្រាក់បៀរវត្សអប្បបរមា ១៧០ដុល្លារនេះ គឺរាជរដ្ឋាភិបាលក៏ត្រូវបន្ថែមជូនចំនួន៥ដុល្លារទៅឱ្យវិស័យឯកជនផងដែរ ដែលគិតជាទឹកប្រាក់សរុបប្រមាណជា ៤០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា យ៉ាងហោចណាស់ក៏មានពីរផ្នែកដែលរាជរដ្ឋាភិបាលត្រូវលះបង់ប្រហែលជា៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំនោះគឺ៖ ទី១- គឺពន្ធកាត់ទុកដែលត្រូវពន្យាពេលរហូតដល់ឆ្នាំ២០២២ និងទី២- គឺកម្រៃត្រួតពិនិត្យលើការនាំចេញដែលកាំកុងត្រូលត្រូវបាត់បង់ប្រហែលជាជាង២៤លានដុល្លារសហរ ដ្ឋអាមេរិក។ ដូចនេះសរុបពីរផ្នែកនេះ រាជរដ្ឋាភិបាលត្រូវបាត់បង់ថវិកាប្រមាណជា ៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកុំឱ្យទម្ងន់នេះធ្លាក់ធ្ងន់ពេកទៅលើខាងនិយោជកជាម្ចាស់រោងចក្រ៕