ខ្មែរប៉ុស្ដិ៍ Close

លោក ឈាង វុន ទទួលបានគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star ពីរដ្ឋាភិបាលជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 29
លោក ឈាង វុន ទទួលបានគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star ពីរដ្ឋាភិបាលជប៉ុន លោក ឈាង វុន ទទួលបានគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star ពីរដ្ឋាភិបាលជប៉ុន

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទៅកាន់និវេសនដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីទទួលគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star តាមរយៈ លោកMIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិការដ្ឋសភា និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមទាំងក្រុមគ្រួសាររបស់លោក ឈាង វុន ផងដែរ។

លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍អបអរសាទរ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន ដែលមានស្នាដៃ ក្នុងការយកចិត្តទុកដាក់ជំរុញ និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ូបាជី និងលោកស្រី ព្រមទាំងក្រុមមិត្តភាពសភាជប៉ុន-កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីទទួលគ្រឿងឥស្សរិយយសនេះ លោក ឈាង វុន បានមានប្រសាសន៍ថា លោកមានអារម្មណ៍រំភើបរីករាយក្រៃលែង ដោយត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star។ លោកពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់មហាកិត្តិយសនេះ ជាការផ្តល់នូវតម្លៃនៃការខំប្រឹងប្រែងរបស់លោក ក្នុងកិច្ចការទំនាក់ទំនងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន នៅក្នុងក្របខណ្ឌអង្គការនីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ។

លោក ឈាង វុន ក៏បានលើកឡើងបន្ថែមថា សម្រាប់លោកផ្ទាល់ គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star នេះ មិនមែនបានមកដោយសារតែលោកតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្តិសមនឹងទទួលបានផងដែរ ដោយពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់លោក នៅក្នុងកិច្ចដំណើរការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសយើងទាំងពីរផងដែរ។

លោកប្រធានគណៈកម្មការទី២នៃរដ្ឋសភា ក៏បានថ្លែងនូវអំណរព្រះគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត ដែលតែងតែផ្តល់ការទុកចិត្ត ផ្តល់កិត្តិយសដល់រូបលោក មានឱកាសបានចូលរួមចំណែកលើកកម្ពស់ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ឈាង វុន ក៏បានថ្លែងអំណរគុណក្រុមគ្រួសាររបស់លោក ចំពោះការស្រឡាញ់ និងការគាំទ្រគ្រប់កាលៈទេសៈ ក្នុងដំណើរការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់លោក។

ជាមួយគ្នានេះ លោកក៏ថ្លែងអំណរគុណផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេស មិត្តជប៉ុន ដែលបានផ្តល់នូវសក្តានុពលដ៏ថ្លៃថ្លាសម្រាប់កម្ពុជា តាមរយៈការគាំទ្រ ក៏ដូចជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជារាស្ត្រជប៉ុន នៅក្នុងការចូលរួមកសាងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ដែលបានធ្វើឲ្យមានភាពប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងសេវាសាធារណៈជាច្រើនផ្សេងទៀត។

លោក ឈាង វុន បានថ្លែងគូសបញ្ជាក់ជូនភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះ បានជ្រាបដែរថា ក្នុងក្របខណ្ឌការទូតសភាទ្វេភាគី កម្ពុជា ជប៉ុន យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការធ្វើទស្សនកិច្ចផ្លូវការ សំដៅធានាបានដល់ការលើកកំពស់ប្រសិទ្ធភាព គុណភាពនិងការកសាង សមត្ថភាពស្ថាប័នឲ្យកាន់តែរឹងមាំ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ចូលរួមអបអរសាទរចំពោះ លោក ឈាង វុន នៅក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែល លោក ទទួលបានគ្រឿងឥស្សរិយយស “Rising Sun, Gold and Silver Star” ពីរដ្ឋាភិបាលជប៉ុននាពេលនេះ៕ Bayon Radio

អត្ថបទទាក់ទង