ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់ «ផ្លែគុយ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 34

ឈ្មោះជាភាសាខ្មែរ ៖ «វល្លិគុយ»
ឈ្មោះវិទ្យាសាស្ត្រ ៖ Willughbeia edulis Roxb

«គុយ» ជាលតាជាតិ​មួយប្រភេទដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាងលតាជាតិ​ដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។

សំបក​ដើម​មាន​សភាព​រលោង និង​មា​នពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅ​ក្នុង​ព្រៃធំ ព្រៃ​ស្រោង​ ព្រៃ​ស្បាត និង​ព្រៃ​របោះតាមចម្រាក់ភ្នំ។ គុយជា​រុក្ខជាតិ​ដែល​បន្ត​ពូជ​ដោយ​គ្រាប់។ ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពងក្រពើ ចុងនៃស្លឹកស្រួចនិងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬ រលកបន្តិច។​ ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង ស្លឹកក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោមគឺមានលក្ខណៈគគ្រាត មានស្លឹកប្រហែល ១៥-១៦ គូ ស្លឹកមានរោមនៅផ្នែកខាងលើ ទងស្លឹកមានប្រវែងប្រហែល ១-២ សង់ទីម៉ែត្រ។

ផ្កាគុយរីកនៅខែ កុម្ភៈ ដល់ខែមីនា។ ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាងពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨ ទៅ ៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម ។

គុណប្រយោជន៍នៃ «គុយ»

  1. សំបកគុយមានរសជាតិមិនល្វីង ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​អាការ​ឈឺក្បាល (សំបក)
  2. នៅ​ប្រទេស​ម៉ាឡេស៊ី ឫស​ត្រូវ​បានគេយក​ទៅ​ស្ងោរ​ផឹក ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់​លឿង​ដែល​បណ្ដាល​មក​ពី​ជំងឺ​គ្រុនចាញ់ (ឫស)
  3. ឫស​មាន​រសជាតិ​ហិល បើយក​មក​ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​ឈឺ​បំពង់ក និង​ឈឺទ្រូង (ឫស)
  4. វល្លិ ដើម ឬ​ឫស ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​រោគ​រាគ (វល្លិ ដើម ឫស)
  5. ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​ចោល (ផ្លែ​ទុំ)
  6. ដើម​ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ការ​ក្រិនថ្លើម (ដើម)
  7. តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ (ដើម)
  8. ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើ​ជា​ថ្នាំ​ព្យាបាល​របួស (ផ្លែ​ខ្ចី)
  9. ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា(ជ័រ)
  10. ដើម​យក​មក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ជំងឺ​អសន្ទរោគ (ដើម)
  11. ឫស​ត្រូវ​ហាន់​ល្អិតៗ ហើយ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់លឿង​ចំពោះ​ទារក (ឫស)
  12. ដើម​ត្រូវ​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​លើកកំលាំង !​ ឫស និង​វល្លិ​ក៏​មាន​លក្ខណៈសម្បត្តិ​ជាថ្នាំប៉ូវកំលាំងផងដែរ (​ដើម វល្លិ ឫស​)
  13. គ្រូ​ឱសថបុរាណ​នៅ​ខេត្ត​ឧប៊ុន​រាជ​ធានី បានយក​វល្លិ​គុយមក​ស្ងោរ​ជាមួយ​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ជំងឺ​ខ្វិន (វល្លិ)

អត្ថប្រយោជន៍នៃ «គុយ»

  1. ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន
  2. វល្លិត្រូវ​បាន​គេ​ប្រើ​ជំនួស​ខ្សែរសម្រាប់​ចង​របស់​របរ
  3. ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម

ស្រាវជ្រាវ និងចងក្រងដោយ: Sok Vichea
ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន