លោក ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
នៅរសៀលទី២១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។
ក្នុងជំនួបនេះ ក៏មានការចូលរួមពី លោក អាន សុខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ និងលោកស្រី Claudia De La Fuente Barreda តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ជំនួបរយៈពេលជិត ២ម៉ោងនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន ៥ ដូចខាងក្រោម៖
- ការវិវត្តនិងការធ្វើទំនើបកម្មច្បាប់នៅកម្ពុជាស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ
- ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងការអនុវត្តវិធានការមិនមែនឃុំខ្លួនរបស់តុលាការ
- ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ អំពើទារុណកម្មនិងសិទ្ធិអ្នកជាប់ឃុំ
- កម្មវិធីជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម
- លំហប្រជាធិបតេយ្យ សេរីភាព និងនយោបាយនៅកម្ពុជា ពាក់ព័ន្ធនឹងវិធានការច្បាប់លើសកម្មជននិងអ្នកនយោបាយមួយចំនួន។