ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំក.គ.អ.អ. រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
កិច្ចប្រជុំក.គ.អ.អ. រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម កិច្ចប្រជុំក.គ.អ.អ. រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម

កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ លេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) បានរៀបចំកិច្ចប្រជុំក.គ.អ.អ. ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក.គ.អ.អ. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ក.គ.អ.អ. និងលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានក.គ.អ.អ. ដើម្បីពិភាក្សាពីការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅទីស្ដីការក្រសួងទេសចរណ៍។

នេះជាកិច្ចប្រជុំលើកទី១ហើយ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារអន្តរក្រសួងខាងលើនេះ ក្នុងគោលបំណងរួមគ្នាសិក្សាវាយតម្លៃពីឧត្តមភាព កាលានុវត្តភាព បញ្ហាប្រឈម ដើម្បីដាក់ចេញនូវគោលនយោបាយ ឯកសារបទដ្ឋានគតិយុត្ត និងយន្តការទ្រទ្រង់ចាំបាច់នានា សំដៅជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា។

ក្រុមការងារអន្តរក្រសួងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់វិស័យអេកូទេសចរណ៍ បំរើដល់ការអភិវឌ្ឍ និងទ្រទ្រង់ដល់ការអភិរក្ស ដោយជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន កាត់បន្ថយចំណាកស្រុកតាមរយៈការបង្កើត និងបង្កើនឱកាសការងារ និងប្រភពចំណូលជូនដល់ប្រជាជនមូលដ្ឋាន ក៏ដូចជាចូលរួមទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះផងដែរ។ អង្គប្រជុំបានឯកភាពគាំទ្រលើការជម្រុញការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ នៅតាមសហគមន៍មូលដ្ឋានក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាស្រ័យលើសក្តានុពលជាក់ស្តែងរបស់សហគមន៍នីមួយៗ។

ក្រុមការងារអន្តរក្រសួងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការកំណត់អត្តសញ្ញាណសហគមន៍ ពិសេសការបន្តពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញតាមគ្រប់រូបភាព និងការអនុវត្តស្ដង់ដាគុណភាពទេសចរណ៍សម្រាប់ផលិតផល និងសេវានៅតាមសហគមន៍ (ដូចជា មគ្គុទ្ទេសក៏សហគមន៏ ផ្ទះស្នាក់សហគមន៍ ផ្ទះស្នាក់ជនបទ ចុងភៅសហគមន៍ ជាដើម)។ ការអភិវឌ្ឍសហគមន៍មូលដ្ឋានក៏ទាមទារចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ ឯកជន ប្រជាពលរដ្ឋ/សហគមន៍/ទេសចរ និងដៃគូអភិវឌ្ឍន៍ (អង្គការជាតិ និងអន្តរជាតិ) សំដៅធ្វើយ៉ាងណាឲ្យសហគមន៍ទាំងនោះមានលទ្ធភាពក្នុងការទាក់ទាញទេសចរបានកាន់តែច្រើន។

ក្រុមការងារអន្តរក្រសួងក៏បានពិនិត្យលើសេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៨-២០៣០ និងឯកភាពដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនាពេលខាងមុខ។