ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវ ឱ វណ្ណឌីន សម្តែងការព្រួយបារម្ភ ខណៈពេលដែលការចម្លងនៃវីរុសប្រភេទអូមីក្រុង មានការកើនឡើងក្នុងសហគមន៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 44
លោកជំទាវ ឱ វណ្ណឌីន សម្តែងការព្រួយបារម្ភ ខណៈពេលដែលការចម្លងនៃវីរុសប្រភេទអូមីក្រុង មានការកើនឡើងក្នុងសហគមន៍ លោកជំទាវ ឱ វណ្ណឌីន សម្តែងការព្រួយបារម្ភ ខណៈពេលដែលការចម្លងនៃវីរុសប្រភេទអូមីក្រុង មានការកើនឡើងក្នុងសហគមន៍

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង កំពុងតែចរាចរយ៉ាងលឿននៅក្នុងសហគមន៍។

ដោយសារការចម្លងនៃវីរុសនេះបច្ចុប្បន្នស្ថិតនៅចំនួន៣ខ្ទង់ជារៀងរាល់ថ្ងៃ លោកជំទាវបានធ្វើការអំពាវនាវដ៏ទទូច សូមឱ្យបុគ្គលគ្រប់រូបបន្តអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ឱ្យបានហ្មត់ចត់ជាទីបំផុត ចាប់ពីពេលនេះទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជាចាំបាច់នូវវិធានការ «៣ការពារ និង៣កុំ» ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងការសោកស្ដាយ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ វីរុសអូមីក្រុង បានមកដល់ហើយ បងប្អូនយើងអើយសូមប្រុងប្រយ័ត្ន និងសូមចូលរួមទប់ស្កាត់ឱ្យបានទាន់ពេល មិនត្រូវបណ្តោយឱ្យឆ្លងរាលដាល ហើយត្រៀមខ្លួនគ្រប់ពេល ដើម្បីការពារខ្លួនពីការវ៉ៃលុក ពីវីរុសកូវីដ-១៩។

ក្នុងន័យនេះ លោកជំទាវ បានអំពាវនាវឱ្យជនរួមជាតិត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតបទៅនឹងការដែលអាចកើនឡើងជាបន្តបន្ទាប់ នៃការឆ្លងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង ដែលកើតមាននៅពេលនេះ ដើម្បីកុំឱ្យហួសខ្សែបន្ទាត់ក្រហម និងសូមកុំភ្លេចវិធានការ ៣ការពារ ៣កុំ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវរួមគ្នាអនុវត្តពីឥឡូវនេះតទៅ។ លោកជំទាវបានបន្ថែមទៀតថា ត្រូវកាត់បន្ថយការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្ដុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀសផុតពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង