ខ្មែរប៉ុស្ដិ៍ Close

គម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 40
គម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗនេះ គម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗនេះ

គម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេចចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) គ្រោងនឹងស្ថាបនា ចាប់ពីខែមិនាឆ្នាំ២០២២នេះហើយ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួនជាង១៤ខែ ពោលគឺ នឹងស្ថាបនាឱ្យបានរួចរាល់នៅមុនដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ លោក​ ស ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ លោករដ្ឋលេខាធិការ នៃរដ្ឋលេខាធិដ្ឋានអាកាសចរស៊ីវិល តំណាងក្រុមហ៊ុន OCIC និងមានការចូលរួមពីមន្ត្រីជំនាញមួយចំនួនទៀត។

លោក​ សាំ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា គម្រោងស្ពានអាកាសផ្លូវ២០០៤ នឹងចាប់ផ្ដើមនៅខែមិនាឆ្នាំ២០២២ខាងមុខ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ហើយក្នុងរយៈពេលនេះរហូតដល់ខែមិនា ក្រុមជំនាញនឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។ ស្ពាននេះនឹងធ្វើឡើងស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។

គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០~៥.៥ម៉ែត្រ។

លោក​ ឃួង​ ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានអាកាសថ្មីនេះ យើងនឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសបនៅចំណុចខាងលើនេះលោក​ ឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសហការជាមួយនឹងក្រុមហ៊ុន ocic សិក្សាពីការសាងសង់ផ្លូវក្រោមដីនៅចំណុចស្ពាននេះបន្ថែមទៀតអោយបានលឿនផងដែរ ថាតើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាននៃផលប៉ះពាល់នេះ ដើម្បីយើងអាចដោះស្រាយស្ទះចរាចរណ៍នៅតំបន់នេះបានយូរអង្វែង។

លោក​ ឃួង ស្រេង បន្តថា ស្ពានអាកាស​ និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ក្រោយពីមានការដាក់ឲ្យដំណើរការនោះ លំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី)នេះ៕

អត្ថបទទាក់ទង