ខ្មែរប៉ុស្ដិ៍ Close

ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន លទ្ធផល ៩២,៧២ភាគរយ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 47

សៀមរាប​៖​ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអមដំណើរលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការណ៍ និងដឹកជញ្ជូនដែលបានដឹកនាំក្រុមការងារជំនាញបច្ចេកទេស និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាឲ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក ដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការសង់សង់នាពេលនេះ លោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និងការដាំស្មៅនិងផ្កាលម្អរសួន  និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ ម្យ៉ាងទៀតគឺពិនិត្យគុណភាពនៃការសាងសង់ជម្រុញឲ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ និងស្តង់ដារដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឲ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរឲ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យ លទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌល វប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូ ស្រោចផ្លូវឲ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឲ្យស្រក់នៅតាមដងផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។ បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យមើលស្ពានដែលបានសាងសង់ឆ្លងកាត់ដង ស្ទឹងសៀមរាបផងដែរ និងបានស្នើឲ្យអ្នកជំនាញបច្ចេកទេសក្រោមឱវាទលាបថ្នាំពណ៌ដូចគ្នាលើតួស្ពាន និងបង្កាន់ដៃស្ពានចំនួនប្រាំកន្លែង។

ទន្ទឹមនឹងការត្រួតពិនិត្យទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ លោកទេសរដ្ឋមន្ត្រី បានពិនិត្យឃើញ បញ្ហាកំហុស បច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ  និងបានណែនាំឲ្យក្រុមការងារបច្ចេកទេសរបស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឲ្យបានសមស្រប ទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់ ព្រោះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។  គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លាន  ២១៦ពាន់៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕

អត្ថបទទាក់ទង