ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បញ្ចប់ការទល់ទ្រជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក បានដោយជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
អាជ្ញាធរជាតិអប្សរា បញ្ចប់ការទល់ទ្រជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក បានដោយជោគជ័យ អាជ្ញាធរជាតិអប្សរា បញ្ចប់ការទល់ទ្រជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក បានដោយជោគជ័យ

ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការទល់ទ្រដើម្បីជួយសង្ក្រោះប្រាសាទបន្ទាយស្រីដំដែក ដែលស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម បានជោគជ័យហើយបន្ទាប់ពីបានប្រឹងប្រែងលើការងារអស់រយៈពេលជាង៣ខែមកនេះ។

មន្ត្រីទទួលបន្ទុកការងារការដ្ឋានលោក ពុទ្ធ សុទ្ធ ឱ្យដឹងថាការទល់ទ្រនេះ គឺក្នុងគោលបំណងជួយពង្រឹងសង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ។ បច្ចុប្បន្នប្រាសាទបន្ទាយស្រីដំដែកមានសភាពទ្រុឌទ្រោមខ្លាំងនៅប្រាង្គកណ្តាលនៅត្រង់ស៊ុមទ្វារ ស៊ុមបង្អួចដែលមានស្នាមប្រេះបែកបាក់។ ប្រសិនបើពុំមានការជួយទល់ទ្រសង្គ្រោះឱ្យបានទាន់ពេលទេ នោះចំណុចទាំងនោះនឹងប្រឈមបញ្ហា។

ចំពោះដំណើរការទល់ទ្រប្រាសាទបន្ទាយស្រីដំដែកចាប់តាំងតែពីអំឡុងចុងខែសីហា ហើយទើបតែបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២១។

ប្រាសាទបន្ទាយស្រីដំដែកស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគមក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤គីឡូម៉ែត្រ ភាគខាងកើតនៃទីរួមខេត្ដសៀមរាប៕

អត្ថបទទាក់ទង