ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុំ រាត្រី ក្រើនរម្លឹកដល់មន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយត្រូវបង្កើនការយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានក្រើនរម្លឹកដោយជម្រុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចដោយតម្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកបដោយប្រសិទ្ធិភាព។

លោក បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពជាមួយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសម្ភោធអគារការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកម៉ាឡៃ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអគារការិយាល័យ សម្រាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានស្រប់ទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនាពេលបច្ចុប្បន្ន។

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះឡើង គឺដើម្បជម្រុញការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

លោកបានគូសបញ្ជាក់ទៀតថា តាមច្រកចេញចូលតែមួយនេះហើយ ដែលបានជម្រុញឲ្យល្បឿនការងារទាំងឡាយ ដែលបានអនុវត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជម្រុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែលមិនទាន់មាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន។

ជាមួយគ្នានោះ លោកបានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយ នៅស្រុកដែលបានបង្កើតឡើងនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់ គប្បីត្រូវប្រកាន់ភ្ជាប់គោលការណ៍សំខាន់៥យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារដោយខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធិភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពាសង្គម ប្រកបដោយសីលធម៌ និងខិតខំដោះស្រាយបញ្ហាឆ្លើយតបរាល់សំណើ និងសំណូមពរប្រកបដោយប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង