ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកស៊ីម៉ាក់៖ សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ បានដោយជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 51
អគ្គនាយកស៊ីម៉ាក់៖ សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ បានដោយជោគជ័យ អគ្គនាយកស៊ីម៉ាក់៖ សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ បានដោយជោគជ័យ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានគូសបញ្ជាក់ថា សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យ។ ការគូសបញ្ជាក់នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ក្នុងការចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខ ហិតអ្នកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាព កម្ចាត់មីនខេត្ត កំពង់ឆ្នាំង លោក ហេង រតនា បានមានប្រសាសន៍ថា “យើងខ្ញុំអាចវាយតម្លៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខ ហិតអ្នកជំងឺកូវីដ-១៩ បានដោយជោគជ័យក្នុងជំហានដ៏សំខាន់នេះ”។ លោកបានបន្ដថា ការហ្វឹកហ្វឺនបន្ត នឹងអនុវត្តន៍ក្នុងសប្តាហ៍ខាងមុខនេះ នៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោកប្រតិភូបានអះអាងថា ជារួមសុនខខែ្មរអាចហិតអ្នកជំងឺកូវីដ-១៩បាន និងអាចហិតក្នុងចម្ងាយសុវត្ថិភាពផងដែរ។ សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្សច្រើន (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជំងឺកូវីដ-១៩ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម។ ល។ នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ។ លោកបានបន្ដទៀតថា ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា “នេះពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត”។ លោកក៏បានអរគុណដល់មន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងចំពោះការ ស្រាវជ្រាវនេះ៕

ប្រភព៖ AKP

អត្ថបទទាក់ទង