ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លើកឡើង៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 16
អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លើកឡើង៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លើកឡើង៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានលើកឡើង៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Rhona Smith អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ការអនុវត្ដវិធានការរបស់សមត្ថកិច្ច និងអាជ្ញាធរកម្ពុជាគឺដំណើរការតាមនីតិវិធី និងច្បាប់ត្រឹមត្រូវ។ ការលើកឡើងនេះ បន្ទាប់ពីលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាបានចេញរបាយការណ៍សម្ដែងនូវកង្វល់យ៉ាងខ្លាំងអំពីការជំនុំជម្រះក្ដីទ្រង់ទ្រាយធំទៅលើសកម្មជនរបស់អតីត គណបក្សសង្គ្រោះជាតិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

នៅលើផេកផ្លូវការ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ជិន ម៉ាលីន បានគូសបញ្ជាក់នូវ៣ចំណុច ពាក់ព័ន្ធទៅនឹងការអនុវត្ដច្បាប់ និងនីតិវិធីរបស់សមត្ថកិច្ច និងអាជ្ញាធរទៅលើក្រុមជនជាប់ចោទទាំងអស់ ក្នុងនោះរួមមាន ទី១. មូលដ្ឋាននៃការអនុវត្តច្បាប់ ដែលវាជាការចោទប្រកាន់ជ្រាំដែល និងដដែលៗដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ចថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្មនិងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។ តែផ្ទុយទៅវិញ មានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាងនិងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ។

ឯកឧត្ដមបានបន្ដថា ចំណុចទី២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន គឺវាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើន កាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។

ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលាការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ។

ឯកឧត្ដមបានបន្ថែមថា ចំពោះចំណុចទី៣. សិទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ គឺជាសិទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំង ឬការជ្រើសរើសរបស់សមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ជាជាងបដិសេធនិងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ចនិងតុលាការដោយគ្មានមូលដ្ឋាន ដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ៕

អត្ថបទទាក់ទង