លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី លោតខុសចង្វាក់បាក់ចង្កេះ»
ទីបំផុត ព័ត៌មានដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានសញ្ជាតិ២ និងមានលិខិតឆ្លងដែនប្រទេសស៊ីព្រ គឺជាព័ត៌មាន មិនពិត។ កាសែត The Guardian បានចុះផ្សាយកែតម្រូវឡើងវិញហើយថា «អ្វីដែលខ្លួនបានផ្សាយនោះគឺជាការ ផ្សាយខុស»។ ការកែតម្រូវរបស់កាសែត The Guardian បានធ្វើឲ្យទណ្ឌិតសម រង្ស៊ីដែល មានសញ្ជាតិ២ និង បនភើនដែលបានយក ព័ត៌មានមិនពិតនោះទៅប្រើប្រាស់ដើម្បីបំពុលសង្គមដោយគ្មានការផ្ទៀងផ្ទាត់ជាមុននោះ បាក់ចង្កេះព្រោះតែលោតខុសសង្វាក់។
អ្វីដែលកាន់តែធ្ងន់ធ្ងរបំផុតនោះ គឺព័ត៌មាននេះក៏បានរុញច្រានឲ្យ សម រង្ស៊ី ស្ថិតក្នុងស្ថានភាព«យីអ៊ុនដាក់ អារក្សជាន់» យ៉ាងទាន់ហន់បំផុត។
តើព្រឹត្តិការណ៍នេះបានឆ្លុះបង្ហាញឲ្យ ឃើញពីចំណុច ខ្សោយអ្វីខ្លះរបស់អ្នកនយោបាយប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ីដែលជាកូន នៃត្រកូលក្បត់ជាតិតពូជ?
ទី១៖ វាបានបង្ហាញឲ្យឃើញថា សម រង្ស៊ី គឺ ជាអ្នកនយោបាយដែល«មិនដឹងខ្យល់អ្វីទាំងអស់ គឺដឹងតែល្ហើយ»ប៉ុណ្ណោះ ពោលគឺ ឲ្យតែលឺខ្យល់បក់ ជននេះក៏ផ្តើមហក់កញ្ឆេងភ្លាមថា ខ្លួនមាន ដង្ហើមរស់ហើយ ដោយមិនបានយកខួរក្បាលមកគិតទាល់តែសោះថា តើខ្យល់នោះបក់មកពីទិសណា និងនាំមកនូវសារធាតុគ្រោះថ្នាក់អ្វីមកជាមួយឬអត់នោះទេ? ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី ធ្វើ នយោបាយបែប«មិនដឹងខ្យល់» រហូត ដោយមិនដែលបាន ប្រើវិចារណញាណដើម្បីវិភាគសភាពការណ៍អ្វីឡើយ។ ទីបំផុត បរាជ័យក៏កើត មានយ៉ាងទាន់ហន់ និងជាបន្តបន្ទាប់ម្តងហើយម្តងទៀត។
ទី២៖ នយោបាយមិន ដឹងខ្យល់របស់ សម រង្ស៊ី បានបង្ហាញថា បុគ្គលរូបនេះ រួមទាំងគូកន គឺជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបំពុលសង្គមជារៀងរហូតមកដោយមិនអាចប្រកែកបានឡើយ។ ព័ត៌មានមិនពិតគឺជាចំណីដ៏ឆ្ងាញ់របស់ សម រង្ស៊ី និងគូកនពីព្រោះបុគ្គលប្រភេទនេះប្រៀបបាននឹងសត្វឈ្លឹងដែលរស់បានតែនឹងការជញ្ជក់ឈាមពីអ្នកដ៏ទៃដោយមិនពិចារណាអ្វីឡើយ។
ទី៣៖ បើនិយាយពីកម្រិតយុទ្ធសាស្ត្រ នយោបាយវិញ សម រង្ស៊ី ធ្វើ នយោបាយបែបរាក់កំផែល ដោយគ្មានទីប្រឹក្សាពិគ្រោះយោបល់ និងគ្មានក្រុមការងារសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានអ្វីទាំង អស់។ ជាធម្មតា ព័ត៌មានមួយដែលកើតឡើង គឺមាន ប្រភពរបស់វាដែលអ្នកនយោបាយ ឬអ្នកសារព័ត៌មានត្រូវចូលទៅមើលដល់ប្រភពឬសគល់ជាមុនសិនមុននឹងយកវាមក ប្រើប្រាស់ដើម្បីធ្វើជាអាវុធយុទ្ធសាស្ត្រ នយោបាយ។ ប៉ុន្តែ សម រង្ស៊ី និងគូកន បែរជាយកព័ត៌មានមិនពិតមកធ្វើជាយុទ្ធសាស្ត្រវាយទៅ លើគូបដិបក្ខដោយមិនបានផ្ទៀងផ្តាត់ទាល់តែសោះ។
នេះគឺជា ចំណុចខ្សោយដ៏ធំនិងជាប្រភពនៃការបរាជ័យយ៉ាងអាម៉ាស់ដែលបុគ្គលរូបនេះបានជួបប្រទះជាហូរហែររហូត មកទល់នឹងបច្ចុប្បន្ន។
ទី៤៖ ប្រសិនបើគេក្រឡេកមើលសេចក្តីថ្លែងការណ៍ ៥ចំណុច របស់ខ្មោចគណបក្សដែលបានស្លាប់ទៅ ហើយនោះ គេពិតជាអស់សំណើចជាខ្លាំងពីព្រោះ ពាក្យពេចន៍ ទាំងអស់ដែលពួកគេបានសរសេរ គឺសុទ្ធសឹងជាដំបងសំពងទៅលើខ្លួនឯងទាំងអស់។ ជាក់ស្តែង ពួកគេបាន និយាយពីអ្នករត់ចោលស្រុក និយាយពីជនក្បត់ជាតិដែលបោកប្រាស់គេដើម្បីបានលុយដេកស៊ីចាយយ៉ាងស្រួលនៅឯបរទេស។ ចំណុចទាំងអស់នេះ គឺសុទ្ធសឹងតែជាលក្ខណៈសម្គាល់របស់ទណ្ឌិត សម រង្ស៊ី ទាំងអស់ពីព្រោះគឺ សម រង្ស៊ីនេះហើយ ដែលជាមនុស្សតែងតែរត់ចោលស្រុករហូត និងរស់ដោយសារការបោកប្រាស់ខ្មែរនៅក្រៅស្រុកដើម្បីបានលុយស៊ីចាយ សប្បាយហ៊ឺហាដោយមិនបាច់ធ្វើការអ្វីឡើយ។ ចំណែកឯលោក ហ៊ុន សែនវីញ គឺពិតជាមេដឹកនាំដែលតែងតែក្រាញននៀលនៅជាមួយប្រជាពលរដ្ឋនិងស្ថិតនៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលាជាពិសេសក្នុងកាលៈទេសៈដ៏លំបាក។
ទី៥៖ ការកែតម្រូវរបស់កាសែត The Guardian កំពុងធ្វើឲ្យ សម រង្ស៊ី អស់ក្រេឌីតនិងអាម៉ាស់ មុខពេញពិភពលោកពីព្រោះ សម រង្ស៊ី បាន ប្រើប្រាស់ព័ត៌មានមិនពិតនេះ ទាំងភាសាខ្មែរ និងអង់គ្លេសដោយភ្ជាប់ជាមួយនូវ link របស់កាសែតនេះតែ ម្តងនៅក្នុងហ្វេសប៊ុក ផ្លូវការរបស់ខ្លួន។
ឥឡូវនេះ ពេលកាសែត The Guardian បានកែតម្រូវព័ត៌មាន សម រង្ស៊ី នៅតែបន្តប្រើប្រាស់ព័ត៌មានមិនពិតនេះដដែលដោយមិនបានកែតម្រូវតាមកាសែតនេះទេ។ ចំណុចនេះបានធ្វើឲ្យ សាធារណៈមតិជាតិនិងអន្តរជាតិ បាន ឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនឱកាសនិយមនិងនៅតែរឹងរូសប្រើប្រាស់ព័ត៌មានមិនពិតធ្វើជាមូលដ្ឋានក្នុងការ វាយប្រហារមកលើលោក ហ៊ុន សែន ។
ទី៦៖ មិនត្រឹមតែអាម៉ាស់ដូចស្រាតខោដើរកណ្តាលផ្សារប៉ុណ្ណោះទេ ប៉ុន្តែ ទង្វើរបស់ សម រង្ស៊ី បានបិទវាំងនននយោបាយរបស់ខ្លួនឲ្យចប់ជា ស្ថាពរដោយសារតែ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន កំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីការកំណត់សញ្ជាតិតែមួយគត់សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិពោលគឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយរដ្ឋមន្ត្រី ត្រូវមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ។ នេះហើយ ជាអ្វីដែលគេហៅថា «តម្រិះជិះកឯង» ដែលជាលទ្ធផលកើត ចេញពីនយោបាយ «ស្ទើរភ្លើង» «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ»
របស់ខ្លួន។
រហូតមកទល់ពេលនេះ នយោបាយ«ស្ទើរភ្លើង ឬតម្រិះជិះកឯង» របស់ សម រង្ស៊ី បាន បង្កើតកំហុសជាប្រវត្តិសាស្ត្រ ២លើកធំៗ និងបានផ្តល់ជាការដូដាក់ជើងពានជូនលោក ហ៊ុន សែន រួចជាស្រេច។ កំហុសទី១ គឺ ការកែប្រែរដ្ឋធម្មនុញ្ញពី២ ភាគ ៣ មកជា ៥០% បូក១ និងកំហុសនយោបាយដ៏ធំបំផុតលើកទី២ គឺការ បង្កើតហេតុផលសមស្របបំផុតដែលជាឪកាសមាសឲ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញស្តីពី សញ្ជាតិតែមួយសម្រាប់មេដឹកនាំកំពូលៗ ដែលតាមពិត ទៅ លោក ហ៊ុន សែន បានព្យាយាមមិនធ្វើវាជាយូរណាស់មកហើយក្នុងគោលដៅទុកឱកាសឲ្យអ្នកនយោបាយសញ្ជាតិ២ អាចធ្វើជាមេដឹកនាំកំពូលបាន។ ប៉ុន្តែ ពេលនេះ លោក ហ៊ុន សែន ក៍អស់ភាពអត់ធ្មត់បានតទៅទៀត ហើយ ដោយសារតែ សម រង្ស៊ី ជា «អ្នកដុតឲ្យខ្លោចរោចឲ្យឆៅ» ហើយជាលទ្ធផលនៃនយោបាយមិនដឹងខ្យល់នេះ ក៍បានធ្វើ ឲ្យទណ្ឌិតសម រង្ស៊ី «លោតខុសសង្វាក់ បាក់ចង្កេះ» ហើយការបាក់ម្តងនេះ គឺពិតជាគ្មានគ្រូពេទ្យណា ព្យាបាលបានឡើយ៕
ដោយ : អ្នកនយោបាយតុកាហ្វេ