ខ្មែរប៉ុស្ដិ៍ Close

World Bank: ការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងជួបឧបសគ្គ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 40
World Bank: ការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងជួបឧបសគ្គ (Video inside) World Bank: ការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងជួបឧបសគ្គ (Video inside)

(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយដាក់ចំណងជើងធំថា «ការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងជួបឧបសគ្គ»។

សេចក្តីប្រកាសព័ត៌មានរបស់ World Bank បានកត់ស្គាល់ថា ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានបន្ទុចបង្អាក់ ដោយការរាលដាលវីរុសបំប្លែង ប្រភេទដែលតា (Delta variant) នៃជំងឺកូវីដ-១៩ ដែលកាន់តែអូសបន្លាយ នូវការលំបាករបស់បណ្តាក្រុមហ៊ុន និងរបស់គ្រួសារ ដែលស្ថានភាពនេះ បានពន្យឺតល្បឿន នៃកំណើនសេដ្ឋកិច្ច និងធ្វើឲ្យវិសមភាព កាន់តែកើនឡើងថែមទៀត នៅក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ចុងក្រោយឈ្មោះ East Asia and Pacific Fall 2021 Economic Update ធនាគារពិភពលោក បានឲ្យដឹងថា សកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះ នៅក្នងត្រីមាសទី២នៃឆ្នាំ២០២១ ហើយតាមរយៈនេះ ការព្យាករសេដ្ឋកិច្ចពីមុនមក ក៏ត្រូវបានកែសម្រួលទម្លាក់កម្រិតផងដែរ សម្រាប់ប្រទេសភាគច្រើននៅទូទាំងតំបន់នេះ។

ខណៈដែលប្រទេសចិន ទំនងជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៨.៥% តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ ក្នុងតំបន់ត្រូវបានព្យាករថា នឹងសម្រេចបាន កំណើតតែ ២.៥% តែប៉ុណ្ណោះ គឺទាបជាងក្នុងកម្រិតជិត ២% ធៀបទៅនឹងការព្យាករណ៍ទុក នៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែមេសា ឆ្នាំ២០២១។ អត្រាមាន ការងារធ្វើ និងការចូលរួមរបស់កម្លាំងពលកម្មមានការធ្លាក់ចុះ ហើយអាស្រ័យហេតុនេះ នៅក្នុងឆ្នាំ២០២១ ប្រជាជនជាង២៤លាននាក់ នឹងមិនអាចគេចផុត ពីការធ្លាក់ខ្លួន ទៅក្នុងភាពក្រីក្រទេ។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធាធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «ដំណើររងើបឡើងវិញ នៃសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ីក កំពុងរងការរុញច្រានឲ្យថយក្រោយវិញ។ កាលនៅឆ្នាំ២០២០ ក្នុងគ្រាដែលតំបន់ដទៃ លើពិភពលោក កំពុងតែត្រដរទប់ទល់ការរាលដាលជំងឺកូវីដ-១៩ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកមានជោគជ័យ នៅក្នុងការឃុំគ្រងជំងឺកូវីដ-១៩ កុំឲ្យរាលដាលខ្លាំង។ ផ្ទុយទៅវិញ នៅក្នុងឆ្នាំ២០២១ តំបន់នេះមានករណីរឆ្លងជំងឺកូវីដ-១៩កើនឡើងច្រើន ដែលជាហេតុធ្វើឲ្យក្តីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តែទោះជាយ៉ាងណា ក៏ដោយតំបន់នេះ ធ្លាប់ក្រោកឡើងចេញពីវិបត្តិមុនៗ កាន់តែរឹងមាំលើសដើមផង ហើយលើកនេះ ពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ»។

របាយការណ៍បច្ចុប្បន្នភាពនេះបានឲ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ-១៩ និងពីសន្ទុះកម្រិតនៃការឆ្លងរបស់វា ទំនងជានឹងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច និងធ្វើឲ្យវិសមភាពកាន់តែកើនឡើងថែមទៀត សម្រាប់រយៈពេលវែងឆ្ងាយទៅថ្ងៃមុខ។ ការអូសបន្លាយស្ថានភាពបែបនេះ នឹងធ្វើឲ្យក្រុមហ៊ុន អាជីវកម្មខាតបង់ធនធានអរូបិយមានតម្លៃរបស់ខ្លួន ហើយក្រុមហ៊ុនដែលអាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាកការវិនិយោគ របស់ខ្លួនមួយរយៈសិនដែរ។

ក្រុមហ៊ុនតូចៗបានរងនូវការប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុនទាំងអស់សុទ្ធតែជួបការលំបាក ក្រុមហ៊ុនធំៗ មិនសូវជាកាត់បន្ថយបរិមាណនៃការលក់ទេ ហើយក៏ទំនងជា នឹងមានភាពងាយស្រួលជាង ក្នុងការចាប់យកបច្ចេកវិទ្យាទំនើបមកប្រើ និងក្នុងការទទួលបានការឧបត្ថម្ភគាំពារពីរដ្ឋាភិបាលផងដែរ។

ស្របពេលគ្នានេះ គ្រួសារទាំងអស់សុទ្ធតែរងការលំបាក ប៉ុន្តែមិនលំបាកខ្លាំងដូចអ្នកក្រីក្រទេដែលងាយនឹងបាត់បង់ចំណូល, ប្រឈមនឹងអសន្តិសុខស្បៀងកាន់តែខ្លាំង, មានកូនដែលលែងសូវបានរៀនសូត្រ ហើយរងសម្ពាធត្រូវលក់ទ្រព្យសម្បត្តិដើម្បីដោះទ័ល៕

អត្ថបទទាក់ទង