ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួយនេះ បានដំណើរការដោយជោគជ័យហើយក្នុងការចម្រោះទឹកកខ្វក់បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

ក្នុងនោះអាងប្រព្រឹត្តិកម្មទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៥.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។

បន្ទាប់មក លោកអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យអាងចម្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លើកគម្រោងស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីសាងសង់ស្ពានក្នុងអាងចម្រោះទឹកកខ្វក់ឱ្យបានខ្ពស់និងវែងជាងមុនដើម្បីឱ្យលំហូរទឹកក្នុងអាងហូរបានលឿនដើម្បីដោះការជន់លិចទីក្រុងនៅរដូវវស្សា៕

អត្ថបទទាក់ទង