ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សាការពារអភិរក្សមច្ឆាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាការពារអភិរក្ស និងបង្កើនធនធានជលផលទឹកសាប ក្នុងបឹងធម្មជាតិឲ្យកាន់តែសម្បូរឡើងថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលជលផលត្រូវកំណត់ពីតំបន់ដែលមានសក្តានុពលសម្រាប់វិនិយោគ និងជំរុញវារីវប្បកម្មពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីបំពេញកំណើនតម្រូវការសាច់ត្រី ជាអាហារ និងកាត់បន្ថយការនេសាទហួសកម្រិត។ ការអភិវឌ្ឍវារីវប្បកម្មត្រូវតែជំរុញឲ្យបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងធំ ដោយធានាបាននូវកំណើនបរិមាណ គុណភាព សុវត្ថិភាពចំណីអាហារដោយត្រូវជំរុញ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍វារីវប្បកម្ម នៅលើផលិតផលកូនត្រី បង្គាពូជ ក្តាមពូជក្នុងស្រុក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់។

បន្ថែមពីនោះ លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ក៏បានមានប្រសាសន៍ឲ្យដឹងថា ទិវាមច្ឆជាតិ ១កក្កដា ២០១៨ឆ្នាំនេះ បានរៀបចំប្រារព្ធនៅអាងបឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ដោយធ្វើការលែងកូនត្រីពូជចំនួន ៥ម៉ឺនក្បាល និងត្រីមេពូជចំនួន ២០គីឡូក្រាម ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងអភិរក្សធនធានជលផលឲ្យមាននិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយ កាន់តែសម្បូរបែបថែមទៀត៕

អត្ថបទទាក់ទង