ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលប្រកាសថា រហូតដល់ពេលនេះកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ បំប្លែងថ្មី Delta សរុបចំនួន ៣ ៣២៣ ករណីហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា កម្ពុជាបានរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៣៣២៣ករណី គិតរហូតមកដល់ពេលនេះ ដោយរីករាលដាលនៅរាជធានីខេត្តចំនួន២៤ លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាល បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩៕ Fresh News