ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់សត្វទាំងនេះដែលគួរឲ្យខ្លាច ប៉ុន្តែបែរជាស្លូត សុភាពគួរឲ្យស្រលាញ់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 116
មកស្គាល់សត្វទាំងនេះដែលគួរឲ្យខ្លាច ប៉ុន្តែបែរជាស្លូត សុភាពគួរឲ្យស្រលាញ់ មកស្គាល់សត្វទាំងនេះដែលគួរឲ្យខ្លាច ប៉ុន្តែបែរជាស្លូត សុភាពគួរឲ្យស្រលាញ់

ក្នុងពិភពលោកនេះ មានសត្វរាប់លានប្រភេទ ដែលមនុស្សភាគច្រើនស្គាល់មិនបានពាក់កណ្តាលផង។  សត្វខ្លះមានរូបរាងគួរឱ្យស្រលាញ់ ប៉ុន្តែអាចសម្លាប់មនុស្សត្រឹមមួយប៉ប្រិចភ្នែក ខណៈសត្វមួយចំនួនទៀត ថ្វីបើមើលទៅហាក់ដូចជាកាចសាហាវ ឬគួរឱ្យខ្លាច តែផ្ទុយទៅវិញគឺស្លូតមិនគួរឱ្យជឿ ប្រៀបដូចមនុស្សសុភាពរាបសា ដែលសូម្បីរុយទំក៏មិនបក់។ ដូច្នេះសូមទស្សនាសត្វទាំង៩៖

១. បបែលម៉ាន់តា (Manta Ray)

តើអ្នកជឿទេថាសត្វរាងសំប៉ែតដូចចេកចៀនយក្ស ដែលអាចធំឡើងដល់ប្រវែងជិត ៨ ម៉ែត្រនេះ មិនបង្កគ្រោះថ្នាក់សោះ? ត្រូវហើយ! លុះត្រាអ្នកជាកូនត្រីតូចៗ ឬប្លង់តុងទើបជាជនរងគ្រោះរបស់វា។

បបែលម៉ាន់តា (Manta Ray)

២. ត្មាត (Vulture)

បក្សីទាំងនេះមានរូបរាងគ្មានអំណោយទាន ហើយតែងត្រូវគេប្រទះឃើញចឹកសាកសពជាចំណី។ បើមើលតាមរាងរៅដែលគ្មានអ្នកណាបេតី ហើយអាចនឹងចឹក ឬខ្វាចមនុស្សឱ្យរបួសពើតផ្សាផងនោះ អ្នកប្រាកដជាគិតថា វាជាសត្វដ៏គ្រោះថ្នាក់ តែតាមពិតវាមិនធ្វើអីអ្នកឡើយ ទោះជាអ្នកទៅឆាឆៅវាក៏ដោយ។ ចំពុះនិងក្រញាំដ៏មុតស្រួចទាំងនេះ ប្រើសម្រាប់កាត់ផ្តាច់សាច់របស់ខ្មោចសត្វផ្សេងទៀតប៉ុណ្ណោះ។

ត្មាត (Vulture)

៣. អាយ-អាយ (Aye-Aye)

ម៉ាដាហ្គាស្កា (Madagascar) ជាកន្លែងដែលសម្បូរដោយសត្វប្លែកៗ។ ក្នុងចំណោមនោះគឺ សត្វអាយ-អាយ ដែលជាថនិកសត្វរកស៊ីពេលយប់ធំបំផុតក្នុងលោក។ ពួកវាស៊ីតែផ្លែឈើ គ្រាប់ ទឹកដមផ្កា ផ្សិត និងសត្វល្អិតជាអាហារ។

អាយ-អាយ (Aye-Aye)

៤. ម្រើមព្រះអាហ្វ្រិកយក្ស (Giant African Millipede)

ម្រើមព្រះប្រវែងជិត ៤០ សង់ទីម៉ែត្រ និងសម្បុរខ្មៅក្រឹបនេះ គួរឱ្យញញើតណាស់មែនទេ? ហ្នឹងហើយ! បើមិនញញើតទើបជារឿងចម្លែក! ប៉ុន្តែវាជាសត្វមិនស៊ីសាច់ជាអាហារឡើយ ទម្រាំសាច់មនុស្សជូរអែមៗទៀត គឺរឹតតែអត់សោះតែម្តង។

ម្រើមព្រះអាហ្វ្រិកយក្ស (Giant African Millipede)

៥. ពីងពាងយក្សស៊ីបក្សី (Goliath Birdeater)

គ្រាន់តែឃើញភ្លាម គឺមិនត្រឹមតែញាក់សាច់ទេ ញាក់ទាំងសរសៃឈាមទៀត! ខ្លួនប្រាណ និងជើងសុទ្ធតែរោម ទំហំធំ ហើយមិនសូវមានគេស្គាល់ផងនោះ ធ្វើឱ្យមនុស្សកាន់តែខ្លាចវា។ ផ្ទុយទៅវិញ វាមិននាំទុក្ខដល់យើងឡើយ យ៉ាងច្រើនបានត្រឹមខាំប៉ុណ្ណោះ តែចង្កូមវាមិនរឹងមាំដល់អាចទម្លុះសាច់យើងទេ។ ឈ្មោះរបស់វាត្រូវបានដាក់ដោយអ្នកស្រី Maria Sibyllla Merian ធម្មជាតិវិទូអាល្លឺម៉ង់ (១៦៤៧-១៧១៧) ដែលប្រទះឃើញវាកំពុងស៊ីបក្សី។ ទោះយ៉ាងនេះក្តី វាកម្រប្រមាញ់បក្សីជាអាហារណាស់។

ពីងពាងយក្សស៊ីបក្សី (Goliath Birdeater)

៦. ពីងពាងខាមែល (Camel Spider)

បើនិយាយឱ្យចំ ពីងពាងខាមែល អាចខាំឱ្យយើងឈឺបាន ប៉ុន្តែឈឺមិនដល់ស្រមោចខាំឡើយ លុះត្រាតែវាមកខាំម្តង ១០០០ ក្បាល ទើបអាចបង្កបញ្ហាខ្លះ។ ទោះយ៉ាងណា វាជាសត្វទោលដែលមិនស្វែងរកចំណីទាំងហ្វូងៗនោះទេ។

ពីងពាងខាមែល (Camel Spider)

៧. ប្រចៀវជញ្ជក់ឈាម (Vampire Bat)

ទោះជាធ្លាប់មានករណីប្រចៀវនេះ វាយប្រហារមនុស្សនៅអតីតកាលពិតមែន ក៏មិនធ្លាប់មានករណីគ្រោះថ្នាក់ដល់ជីវិតដែរ។ ភាគច្រើនវាបឺតឈាមពីគោក្របី និងសត្វផ្សេងៗ តែមិនបឺតដល់អស់ពីខ្លួនឡើយ។

ប្រចៀវជញ្ជក់ឈាម (Vampire Bat)

៨. ក្តាមដូង (Coconut Crab)

អ្នកមិនធ្លាប់ស្គាល់អាចនឹងគិតថា វាជារូបកាត់តដោយកុំព្យូទ័រ ប៉ុន្តែវាមានពិតមែន ហើយជាប្រភេទ គណ្ធិតសត្វ (សត្វដែលរាងកាយមានសណ្ឋានជាកង់ៗ) ធំជាងគេលើគោក។ ពួកវាចូលចិត្តស៊ីផ្លែឈើ និងសាច់ដូងជាអាហារ តែបើបោះកូនសត្វ ឬកូនបក្សីឱ្យវា ក៏វាមិនទុកហិតដែរ។

ក្តាមដូង (Coconut Crab)

៩. ឆ្លាមទឹកក្តៅ (Basking Shark)

បើឃើញហាមាត់ប៉ុនខ្លោងទ្វារចូលវិហារដូច្នេះហើយ អ្នកណាថាមិនរត់? កុំបារម្ភអី វាញញឹមរកស្នេហ៍ទេ ហើយវាក៏ប្រហែលជាសត្វស្លូតជាងគេបំផុតក្នុងលោកដែរ។ ឆ្លាមទឹកក្តៅដែលចំហមាត់ស្ទើរ ២៤/២៤ ម៉ោងនេះ ស៊ីតែកូនត្រី និងប្លង់តុងប៉ុណ្ណោះ។ ដោយហេតុថា វាចូលចិត្តនៅផ្នែកខាងលើនៃផ្ទៃសមុទ្រ ដែលមានកម្តៅក្តៅគួរសម ទើបគេហៅឈ្មោះវាបែបនេះ។ ទោះយ៉ាងណា បើជួបឆ្លាមប្រភេទផ្សេង សូមកុំនៅអល់អែកឱ្យសោះ គឺហែលរត់កាន់តែលឿនកាន់តែល្អ៕

ឆ្លាមទឹកក្តៅ (Basking Shark)