ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី ក្រោមចំណងជើងថា៖ «ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 22
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី ក្រោមចំណងជើងថា៖ «ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី ក្រោមចំណងជើងថា៖ «ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!»

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយយ៉ាងទូលំទូលាយវីដេអូថ្មីមួយទៀតក្រោមចំណងជើងថា «ជោគជ័យនៃការចាក់វ៉ាក់សាំង ធ្វើឲ្យកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ!»។

វីដេអូមានរយៈពេលជាង១៦នាទី បានរំលេចនូវខ្លឹមសារថា ទីបំផុត ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅលើក្រុមប្រជាជនគោលដៅ១០លាននាក់ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជោគជ័យលើសពី៩០ភាគរយហើយ គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២១នេះ។ ចំនួននេះ មិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យ ដែលមកដល់ពេលនេះចាក់បានចំនួនរង្វង់ ៨០ភាគរយ និងក៏មិនទាន់គិតពីចំនួនប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះទេ។ ប្រសិនបើនិយាយពីតួលេខសរុប គឺកម្ពុជាយើង ចាក់បានលើស១០លាននាក់នាក់ហើយ នៃចំនួនប្រជាជនសរុប១៦លាននាក់នៅទូទាំងប្រទេស។

ផ្អែកលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ និងដោយមានការគាំទ្រនិងការចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១នេះ នឹងត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។

ក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័សនូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាល[បាន]សម្រេចប្រកាសដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏សង្ឃឹម និងជឿជាក់ថា ប្រជាពលរដ្ឋ និងវិស័យឯកជន នឹងបន្តចូលរួមផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យមានប្រសិទ្ធភាព។

ដោយសារជោគជ័យនៃនយោបាយវ៉ាក់សាំង កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។ នេះគឺពិតជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង