ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកឱ្យដំណើរការឡើងវិញនូវកន្លែងឆៀកយានយន្ត និងធ្វើបណ្ណបើកបរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកឱ្យដំណើរការឡើងវិញនូវកន្លែងឆៀកយានយន្ត និងធ្វើបណ្ណបើកបរ កន្លែង ឆៀកយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកឱ្យដំណើរការឡើងវិញនូវកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលហៅថា ឆៀក និងធ្វើបណ្ណបើកបរ ព្រមទាំងមណ្ឌលផ្តល់សេវាសាធារណៈដទៃទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ បន្ទាប់ពីបានបិទមួយរយៈធំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ចាប់ពីថ្ងៃទី៦ ខែឧសភា នេះតទៅ មណ្ឌលផ្តល់សេវាសាធារណៈនៅទីតាំងទីស្តីការក្រសួង, មណ្ឌលផ្តល់សេវាសាធារណៈទីតាំងជីបម៉ុង ណូរ៉ូមល, មណ្ឌលផ្តល់បណ្ណបើកបរទីតាំងផ្សារទំនើបអ៊ីអន១ & អ៊ីអន២, មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ទីតាំង បើកដំណើរការឡើងវិញ។

ទោះជាយ៉ាងនេះក្តី ក្រសួងជំនាញនេះ បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យគោរពគោលការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺរាតត្បាតនេះនៅមិនទាន់ស្រាកស្រាន្ត។

បច្ចុប្បន្ន មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលវិនិយោគដោយក្រុមហ៊ុនឯកជនមានសរុប១៦កន្លែង នៅក្នុងនោះ រាជធានីភ្នំពេញមានទីតាំងផ្សេងៗគ្នាចំនួន៦ន្លែង ដូចជានៅសាខាប្ញស្សីកែវ សាខាចំការដូង សាខាបឹងបៃតង សាខាបឹងស្នោរ និងសាខាជ្រោយចង្វារផ្លូវជាតិលេខ៦A, សាខាខណ្ឌកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ និងតាមបណ្តាខេត្តមានដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និងខេត្តព្រះវិហារ៕

អត្ថបទទាក់ទង