ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ឡាវ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 60
កម្ពុជា-ឡាវ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ កម្ពុជា-ឡាវ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានបង្ហាញការប្តេជ្ញាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងសុខុមាលភាព ប្រជាជន ដោយអនុវត្តរាល់កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់ និងសេចក្តីសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ។

កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិង លោក ថងសាវ៉ាន់ ភុំវិហាន ប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគ្នា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្ស និងស្ថាប័នទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែល ប្រទេសទាំងពីរមាន ដូចជា កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ កិច្ចប្រជុំគណៈ កម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ កិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខឡាវ និងកិច្ចប្រជុំរវាងអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងបានឯកភាពថា យន្តការទាំងនេះបានផ្ដល់ឱកាស ឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ទៅវិញទៅមក។

ភាគី ទាំងពីរក៏បានឯកភាពខិតខំទ្វេដង បន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងសុខុមាលភាពប្រជាជន ដោយអនុវត្តរាល់កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់ និងសេចក្តីសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា ពហុភាគីនានា ដើម្បីលើកកម្ពស់តួនាទីរបស់ប្រទេស ទាំងពីរ នៅលើកិច្ចការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំកំពូល រវាងប្រធាន/អគ្គលេខាធិការ នៃគណបក្សកាន់អំណាច ប្រទេសទាំងបី កម្ពុជា-ឡាវ -វៀតណាម តាមការឯកភាពគ្នារួចមកហើយ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេស ទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានសំដែងនូវការពេញចិត្ត ជំនួបនេះពិតជាទទួលបាននូវលទ្ធផល ផ្លែផ្កាជាទីគាប់ចិត្ត និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទទាក់ទង