ខ្មែរប៉ុស្ដិ៍ Close

ប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 70
ប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលា ប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក វូ ក្វាង មិញ បានសូមអភ័យទោសសម្តេចប្រធានរដ្ឋសភា ដែលមិនបានចូលជួបសម្តែងការគួរសមនិងជម្រាបលា សម្តេចដោយផ្ទាល់ នៅក្នុងឱកាសត្រូវបញ្ចប់អាណត្តិការទូតនេះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានគំាទ្រនិងណែនាំចំពោះ លោក ជាប្រចំារហូតមក នៅក្នុងការបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំនេះ ក្នុងការបម្រើដល់ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឱ្យទទួលបានជោគជ័យយ៉ាងធំធេង។

លោកឯកអគ្គរដ្ឋទូតបានអបអរសាទរយ៉ាងខ្លំាងក្លា នូវលទ្ធផលយ៉ាងធំធេងកើតចេញពីជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិននិងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម កាលពេលថ្មីៗនេះដែលនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយ ដល់ប្រទេសទំាងពីរ ជាពិសេសស្ថាប័នរដ្ឋសភានៃប្រទេសទំាងពីរ បន្ថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ លោក នៅកម្ពុជា ពិតជាបាននំាមកនូវសមិទ្ធផលយ៉ាងច្រើនឥតគណនា ក្នុងការរួមចំណែកយ៉ាងសកម្ម សំដៅលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនយើងទំាងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងថែមទៀត។

សម្តេចបានកត់សម្គាល់ថា នៅរយៈពេលជាង៣ឆ្នាំ នៃបេសកកម្មរបស់ លោក វូ ក្វាង មិញ បានរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកម្ពុជាយ៉ាងច្រើន និងបានបន្តពូនជ្រំ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរនៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ។

សម្តេចប្រធានរដ្ឋសភា សម្តែងនូវមោទនភាពយ៉ាងក្រៃលែងដែលចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទីមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមាំថា ទោះបីលោក បានបញ្ចប់អាណត្តិការទូតនៅកម្ពុជា ក៏នៅតែបន្តរួមចំណែក ថែរក្សា ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អ របស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរជានិច្ចតទៅ។ ជាការកត់សម្គាល់ នៅឆ្នាំ២០២២ខាងមុខនេះ ចំណងមិត្តភាព កម្ពុជានិងវៀតណាម ឈានដល់ខួប៥៥ឆ្នាំ៕

អត្ថបទទាក់ទង