ខ្មែរប៉ុស្ដិ៍ Close

បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យបាន ១១នាក់ និងវត្ថុតាងមួយចំនួន នៅស្រុកកំពង់សៀម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 8

សមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រួមសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ថានស្រុកកំពង់សៀម នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០៣១ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យបាន ១១ នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅចំណុចផ្លូវរទេះគោ ស្ថិតក្នុងភូមិអូរឈ្លេីង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម លោក ប៊ិន ឡាដា បានឲ្យដឹងថា ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងបានការអនុញាតិពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់ បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណីឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ ។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ ទូរស័ព្ទដៃចំនួន ១១គ្រឿង ជញ្ជីង អេឡិចត្រូនិច ចំនួន ១គ្រឿង និងឧបករណ៍សេពមួយចំនួន និងម៉ូតូ ចំនួន ៨គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី ៕

អត្ថបទទាក់ទង