ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥ ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥

តាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ទីតាំង ៤៦កន្លែង ស្ថិតនៅក្នុងក្រុង ស្រុក ចំនួន ៥ ក្នុងនោះ នៅក្នុងស្រុកបាធាយ មាន ៣ទីតាំង ស្រុកជើងព្រៃ មានចំនួន ១៦ទីតាំង ស្រុកព្រៃឈរ ១៥ទីតាំង ស្រុកកំពង់សៀម ចំនួន ០៨ទីតាំង និងក្រុងកំពង់ចាម មានចំនួន ៤ទីតាំង ។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ក៏ដូចជា ការសួរសុខទុក្ខ ក្រុមគ្រួពេទ្យចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ នៅតាមក្រុង ស្រុក ទាំង ៥ខាងលើ ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា បន្ទាប់ពីបងប្អូនទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជម្ងឺកូវីដ ១៩ ។ លោក លើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយើង ជាច្រើននាក់ បានឆ្លងជម្ងឺនេះ ជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ក៏បានផ្ដល់នូវវ៉ាក់សាំងបង្ការទាំងនេះ យកមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក នៅក្នុងខែកក្កដា នេះ មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បី ធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។ ឯកឧត្ដម មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នេះ ដើម្បី បញ្ឈប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត ។

បើតាម លោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មានមន្ត្រីសុខាភិបាល និងពេទ្យស័គ្រចិត្តចំនួន ៧៦០នាក់ និងបែងចែកជា ៧៦ក្រុម ។ កន្លងមក មន្ទីរសុខាភិបាល បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចំនួន ២លើក រួចមកហើយ ក្នុងនោះ លើកទី១ បានចំនួន ៥.៤២៧នាក់ និងលើកទី២ បានចំនួន ២២.៩១២នាក់ សរុបទាំង ២លើក បានចំនួន ២៨.៣៣៩នាក់ ។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ។ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨.០០នាទី ដល់ម៉ោង ១១.០០នាទី នាពេលរសៀល ចាប់ពីម៉ោង ១៣.០០នាទី ដល់ម៉ោង ១៦.០០នាទី ៕

អត្ថបទទាក់ទង