ខ្មែរប៉ុស្ដិ៍ Close

វីរុសកូវីដ-១៩ ទម្រង់ Delta អាចនឹងមានឥទ្ធិពលខ្លាំងក្លាលើសគេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 64
វីរុសកូវីដ-១៩ ទម្រង់ Delta អាចនឹងមានឥទ្ធិពលខ្លាំងក្លាលើសគេ វីរុសកូវីដ-១៩ ទម្រង់ Delta អាចនឹងមានឥទ្ធិពលខ្លាំងក្លាលើសគេ

កាលពីថ្ងៃពុធកន្លងទៅ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (Medical Sciences Department-MSD) របស់ថៃ បានព្រមានថា «វីរុសកូវីដ-១៩ ទម្រង់ Delta ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា អាចនឹងបង្កជាបញ្ហាដ៏ធំនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេល ២ ទៅ ៣ ខែខាងមុខ ដោយសារតែការកើនឡើងនៃចំនួនករណីឆ្លងដែលបង្កឡើងដោយវីរុសទម្រង់ថ្មីនេះ»។

ការព្រមាននេះត្រូវបានចេញផ្សាយដោយអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (MSD) របស់ថៃ គឺលោក Supakit Sirirak ដែលបានស្នើសុំឱ្យសាធារណជនគោរពតាមវិធានការនានា ដែលបានដាក់ចេញ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩ និងបានអំពាវនាវឱ្យប្រជាជន ទៅទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់បំផុត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោកវេជ្ជបណ្ឌិត Supakit បានលើក ឡើងថា «នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (MSD) មានការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនករណីឆ្លង ដែលបង្កឡើងដោយវីរុសទម្រង់ Delta នេះ ដោយក្នុងនោះ អ្នកជំងឺកូវីដ-១៩ ចំនួន ១៣៧ នាក់ទៀត ដែលមានផ្ទុកវីរុសទម្រង់ថ្មីនេះ ត្រូវបានរកឃើញនៅសប្តាហ៍នេះនៅក្នុងខេត្តចំនួន ៩ ទៀត លើកលែងតែនៅភាគខាងត្បូងនៃប្រទេសថៃ»។

លោកបន្តថា «ចាប់តាំងពីដើមខែរហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកវីរុសទម្រង់ Delta មានចំនួនសរុប ៤៩២ នាក់ និងត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ២០ ដោយក្នុង នោះ នៅទីក្រុងបាងកកមានចំនួនរហូតដល់ទៅ ៤០៤ ករណី»។

លោក Supakit បានលើកឡើងថា «ទោះជាយ៉ាងណាក៏ដោយ វីរុសទម្រង់ Alpha ដែលត្រូវបាន រកឃើញដំបូងនៅចក្រភពអង់គ្លេស នៅតែជាប្រភពបង្កការចម្លងច្រើនជាងគេនៅក្នុងប្រទេសថៃ ដោយក្នុងនោះ វាត្រូវបានរកឃើញនៅក្នុងអ្នកជំងឺចំនួន ៨៩,៦% នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ សរុប»។

លោកបានបន្ថែមថា «យើងបានរកឃើញនូវសញ្ញានៃការកើន ឡើងនៃករណីឆ្លង ដែលបង្កឡើងដោយវីរុសទម្រង់ Delta ដែលពេលនេះ វាត្រូវបានចាត់ទុកជាក្តីកង្វល់ដ៏ធំរបស់ពិភពលោក ជាមួយនឹងល្បឿននៃការចម្លងលឿនជាងវីរុសទម្រង់ Alpha រហូតដល់ ៤០%»។

លោកវេជ្ជបណ្ឌិត Supakit បានឱ្យ ដឹងថា «លទ្ធផលពីមន្ទីរពិសោធន៍បានបង្ហាញថា ករណីឆ្លងវីរុសនៅសប្តាហ៍នេះបានកើនឡើង ៩% ខណៈដែលសប្តាហ៍មុនបានកើន ៨%។ ដូច្នេះ យើងបាននិងកំពុងបង្កើនការតាមដានលើករណីវីរុសទម្រង់ Delta នេះយ៉ាងដិតដល់និងប្រុងប្រយ័ត្នបំផុត ដើម្បីអាចចាត់នូវវិធានការទប់ទល់បានទាន់ពេលវេលា»។

លោកវេជ្ជបណ្ឌិត Supakit បានបន្តទៀតថា «អ្នកដែលបានឆ្លងវីរុសនេះ ភាគច្រើនមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មករដែលរស់នៅក្នុងការដ្ឋានសំណង់ ដែលជាកន្លែងដែលករណីវីរុសទម្រង Delta ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃ»។

លោកក៏បានលើកឡើងថា «ក្រៅពីទីតាំងការដ្ឋានសំណង់ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (MSD) របស់ថៃ ក៏បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត ដែលមានផ្ទុកវីរុសទម្រង់ Delta នេះ នៅ ក្នុងមន្ទីរពេទ្យចំនួន ៣ នៅទីក្រុងបាងកក»។

លោកបញ្ជាក់បន្ថែមថា «ក្រៅពីនេះ អ្នកជំងឺថ្មី ២នាក់បន្ថែម ទៀតនៅខេត្ត Narathiwat ត្រូវបានរកឃើញមានផ្ទុកវីរុសទម្រង់ Beta របស់អាហ្វ្រិកខាងត្បូង។ ហើយចាប់ពីខែមេសាដល់ខែមិថុនា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (MSD) របស់ថៃ បានរកឃើញវីរុសទម្រង់នេះចំនួន ២៦ ករណីនៅក្នុងស្រុក Tak Bai នៃខេត្ត Narathiwat»៕ Bangkok Post

អត្ថបទទាក់ទង