ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទទន្លេស្ងួតងើបឈរឡើងវិញបន្ទាប់ពីប្រើពេលជួសជុល២ឆ្នាំ (មានវីដេអូ)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 55
ប្រាសាទទន្លេស្ងួតងើបឈរឡើងវិញបន្ទាប់ពីប្រើពេលជួសជុល២ឆ្នាំ (មានវីដេអូ) ប្រាសាទទន្លេស្ងួតក្រោយពេលជួសជុលរួច

ប្រាសាទទន្លេស្ងួត ដែលជាអតីតមន្ទីរពេទ្យបុរាណមួយក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានងើបឈរឡើងវិញ ក្រោយទទួលបានការជួសជុល និងលើកតម្លៃពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់អាជ្ញាធរជាតិអប្សរា ដែលខិតខំលើកស្ទួយ និងអភិរក្សសំណង់ប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ។

ប្រាសាទទន្លេស្ងួតមុនពេលជួសជុល
ប្រាសាទទន្លេស្ងួតមុនពេលជួសជុល

លោក ជា សារិទ្ធ បុរាណវិទូ និងជាប្រធានគម្រោងការដ្ឋានជួសជុលប្រាសាទទន្លេស្ងួតមានប្រសាសន៍ថា ក្រុមការងាររបស់លោកប្រើពេល២ឆ្នាំ ដើម្បីជួសជុលប្រាសាទទន្លេស្ងួតឱ្យមានរូបរាងពេញលេញឡើងវិញ។ គម្រោងជួសជុលនេះ ចាប់ផ្តើមពីឆ្នាំ២០១៩ និងបញ្ចប់នៅក្នុងឆ្នាំ២០២១នេះ។ លោករំលឹកថា ប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងនៅផ្នែកគ្រឹះ ហើយអ្នកជំនាញសម្រេចរុះរើប្រាសាទនេះទាំងស្រុងដើម្បីរៀបចំផ្នែកគ្រឹះឱ្យរឹងមាំឡើងវិញ។

តាមការបញ្ជាក់របស់លោក ជា សារិទ្ធ ដំណើរការជួសជុលប្រាសាទទន្លេស្ងួននេះ ក្រុមការងារបានប្រើប្រាស់ថ្មថ្មីត្រឹមតែ៣ភាគរយប៉ុណ្ណោះ គឺប្រើថ្មថ្មីចំនួន ១៦០ដុំ និងថ្មចាស់ចំនួន ២,៤៤៥ ដុំ។ ប្រាសាទនេះមានកម្ពស់១២ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងទទឹង ១០ម៉ែត្រ។

បច្ចុប្បន្ន ក្រុមការងារកំពុងត្រួសត្រាយព្រៃជុំវិញ ដើម្បីបើកបង្ហាញបរិវេណប្រាសាទឱ្យស្រឡះ និងលើកសោភ័ណភាពឱ្យល្អប្រសើរឡើងវិញ ងាយស្រួលភ្ញៀវទេសចរចូលទស្សនា។ លោក ជា សារិទ្ធ បញ្ជាក់ថា ជាផែនការបន្ទាប់ ក្រុមការងាររបស់លោក នឹងរៀបចំថ្មរាយប៉ាយផ្នែកខាងមុខ ដើម្បីរៀបចំគម្រោងជួសជុលខ្លោងទ្វារចូលប្រាសាទនេះនាដំណាក់កាលបន្ទាប់ទៀត៕

អត្ថបទទាក់ទង