លោក សាយ សំអាល់ គូសបញ្ជាក់ថា សហគមន៍ជាដៃគូ សន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ នេះជាប្រសាសន៍លើកឡើង របស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ៤រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១ ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋានមានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តារយៈការផ្តល់សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។
គួររំលឹកថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួងបរិសា្ថន បានរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន សម្របសម្រួលរៀបចំបង្កើតបណ្តាញសហគមន៍មូលដ្ឋាន៣កម្រិត ១. សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់ជាតិ» ២.បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់» (តំបន់ខាងត្បូងបឹងទន្លេសាប តំបន់ខាងជើងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) និង៣.សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់ការពារធម្មជាតិ» ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតនៅមូលដ្ឋាន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាលការរៀបចំ គ្រប់ក្រង ផ្តល់សម្ភារៈ ពូជសត្វ ជាបន្តបន្ទាប់ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានផ្តល់ម៉ូតូជូនដល់ «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ទាំងបីតំបន់ ដែលក្នុងនោះបណ្តាញនីមួយ” ទទួលបានម៉ូតូចំនួន ៥គ្រឿង ដើម្បីលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្មឬបស់គណៈកម្មាធិការបណ្តាញទាំងអស់ ក្នុងការគ្រប់គ្រងធនធានធម្ម៕