ក្រុមការងារសម្អាតប្រាសាទ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ
ប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណជនបានឃើញនោះទេ។
ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុងនិងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹក។ល។ សកម្មភាពទាំងនេះ គឺជាការរួម ចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំហើយនោះ។
យ៉ាងណា កិច្ចការទាំងអស់នេះមិនអាចខ្វះការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ ទាញភ្ញៀវទេសចរពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាននៃរមណីយដ្ឋានរបស់មនុស្សជាតិ៕