ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបប្ដេជ្ញាមិនឱ្យមានខ្សែកាបអ៊ុបទិកនៅលើអាកាសទៀតទេ ចាប់ពីឆ្នាំ ២០២៣ តទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 19
ខេត្តសៀមរាបប្ដេជ្ញាមិនឱ្យមានខ្សែកាបអ៊ុបទិកនៅលើអាកាសទៀតទេ ចាប់ពីឆ្នាំ ២០២៣ តទៅ ខេត្តសៀមរាបប្ដេជ្ញាមិនឱ្យមានខ្សែកាបអ៊ុបទិកនៅលើអាកាសទៀតទេ ចាប់ពីឆ្នាំ ២០២៣ តទៅ

មន្ដ្រី​ជំនាញ បាន​អះអាងថា ក្រុមការងារ​កំពុងតែ​មមាញឹក​កាត់​ទម្លាក់ និង​ត​បណ្ដាញ​ខ្សែកាប​អ៊ុ​ប​ទិ​ក​ឡើងវិញ នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ដើម្បី​ធ្វើយ៉ាងណា​នឹង​លែង​ឱ្យមាន​នៅលើ​អាកាស​ទៀតហើយ​ចាប់ពី​ឆ្នាំ​២០២៣​ខាងមុខ​តទៅ ដោយ​បណ្ដាញ​ខ្សែ​នោះបាន​បង្វែរ​ដាក់ចូល​ក្នុង​បំពុង​កប់​ក្រោម​ដី​វិញ ។​

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៦ ខែឧសភា​នេះ​ថា បច្ចុប្បន្ននេះ ក្រុមការងារ​ពាក់ព័ន្ធ​រួមមាន អង្គភាព​អគ្គិសនី​, រដ្ឋ​ករ​ទឹក និង​ក្រុមការងារ​សាងសង់​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​សហការគ្នា កំពុង​មមាញឹក​ត​បណ្ដាញ​ខ្សែកាប​ទាំងអស់​ដាក់ចូល​ក្នុង​បំពុង​កប់​ក្រោម​ដី​នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​លែងអោយ​មាន​ខ្សែកាប​ទាំងអស់​មាននៅ​លើ​អាកាស​បន្ដទៀត ប៉ុន្ដែ​ដោយឡែក​ផ្លូវ​តូចៗ នៅតែមាន​ដដែល ។

លោកបាន​មានប្រសាសន៍ថា ការ​កាត់​ខ្សែកាប​ដាក់​ក្នុង​បំពុង​កប់​ក្រោម​ដី​នេះ បាន​ធ្វើឡើង​ចាប់ពី​ចុងឆ្នាំ​២០១៨​ដល់​បច្ចុប្បន្ននេះ បាន​កប់​ខ្សែកាប​ក្រោម​ដី​តាម​បណ្ដោយ​ផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង​សៀមរាប បាន​ជាង​១៤​ផ្លូវ ដែលមាន​ប្រវែង​ជាង​៧០​គម ។ លោក បន្តថា គម្រោង​នេះ​នឹង​បន្ដ​អនុវត្ដ​កាត់​ខ្សែ​ពីលើ​អាកាស​នេះ ទៅ​ដាក់​ក្នុង​បំពង់​កប់​ក្រោម​ដី​នៅតាម​ផ្លូវ​សំខាន់ៗ​ទាំងនោះ ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២៣ ស្របតាម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​ដែលជា​ផ្លូវ​កំពុង​កែលម្អរ​នៅក្នុង​ក្រុង​សៀមរាប​។ ប៉ុន្ដែ​លោក​បាន​បញ្ជាក់ថា បើទោះបី ការដាក់​ខ្សែកាប​អ៊ុ​ប​ទិ​ក​នេះ​មិន​ឲ្យ​មាន​លើ​អាកាស​ក្ដី ប៉ុន្ដែ​អាច​នៅមាន​ដាក់​ក្នុង​បំពុង​ភ្ជាប់​ជាមួយ នឹង​បង្គោល​ភ្លើង​អគ្គីសនី ដើម្បី​ងាយស្រួល​អ្នកជំនាញ​ត​បណ្ដាញ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​។ លោក បន្តថា ការរៀបចំ​អោយមាន​ខ្សែកាប​អ៊ុ​ប​ទិ​ក​នៅក្រោម​ដី​នេះ ដើម្បី​ឲ្យ​នៅលើ​ផ្លូវ​មាន​សោភ័ណ្ណភាព និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ​នៅក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ។​

​លោក សុខ សីហា បានអោយដឹង​ដែរ​ថា នៅក្នុង​ខេត្ដ​សៀ​មា​ប មាន​ក្រុមហ៊ុន​អុ​ី​ន​ធ័​រ​ណែ​ត​ចំនួន ១១​ក្រុមហ៊ុន ។ ក្រុមហ៊ុន​ដែល​បានទទួល​អាជ្ញាប័ណ្ណ​ដាក់​បំពង់​ទីប​ក្រោម​ដី​ចំនួន​២​ក្រុមហ៊ុន រួមមាន ទូរ​គម​នគ​មន៍ កម្ពុជា TC របស់​រដ្ឋ និង​ក្រុមហ៊ុន ស៊ី​ហ្វុ​ក CFOCN ។

បើតាម​លោក​សីហា​ថា ផ្លូវ​ដែល​បាន​កាត់​ទម្លាក់​បណ្ដាញ​ខ្សែកាប ដើម្បី​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព និង​សណ្ដាប់ធ្នាប់​ល្អ មាន​ផ្លូវ លោកតា​ណឺ​យ​, ផ្លូវ​ជុំវិញ​ផ​ប់​ស្ទ្រី​ត​, ផ្លូវ​ហ្សា​ឌឺ​ហ្គោល​, ផ្លូវ​៦០​ម៉ែត្រ​, ផ្លូវ​កូ​ម៉ៃ​, ផ្លូវ​៧​មករា​, ផ្លូវជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​រដ្ឋបាល​ស្រុក​ពួក ដល់​ស្រុក​ប្រាសាទបាគង ផ្លូវ​ស៊ី​វុត្ថា និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​ស្ថិតនៅក្នុង​ក្រុង​ទេសចរណ៍​អង្គរ​។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយមាន​ការយោគយល់ ចំពោះ​ការប៉ះពាល់​នៅពេល​អ្នកជំនាញ​ជីក​កាយ​ដី​ដាក់​ខ្សែកាប​អ៊ុ​ប​ទិ​ក​នៅខាងមុខ​លំនៅឋាន​របស់​ពួកគាត់​ផងដែរ​៕

អត្ថបទទាក់ទង