ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាករទឹកសម្រេចមិនយកថ្លៃទឹក ៣ខែ ពីកម្មករ និងសិស្ស-និស្សិត ស្នាក់នៅផ្ទះជួលក្នុងតំបន់ក្រហមនៅភ្នំពេញ និងក្រុងតាខ្មៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
រដ្ឋាករទឹកសម្រេចមិនយកថ្លៃទឹក ៣ខែ ពីកម្មករ និងសិស្ស-និស្សិត ស្នាក់នៅផ្ទះជួលក្នុងតំបន់ក្រហមនៅភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកសម្រេចមិនយកថ្លៃទឹក ៣ខែ ពីកម្មករ និងសិស្ស-និស្សិត ស្នាក់នៅផ្ទះជួលក្នុងតំបន់ក្រហមនៅភ្នំពេញ និងក្រុងតាខ្មៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងផ្លូវការ អំពីការសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលកំពុងស្នាក់តំបន់ក្រហម ដែលកំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្រេចមិនយកថ្លៃប្រើប្រាស់ទឹកស្អាត ៣ខែនេះ ធ្វើឡើងស្របតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹកដល់កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់។

សេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកបានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមប្រសាសន៍អំពាវនាវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក
ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅក្នុងអំឡុងពេលនៃការបិទខ្ទប់»។

ជាមួយគ្នានេះ រដ្ឋាករទឹកបានស្នើមានការចូលរួមអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក និងសាមគ្គីភាព នៅក្នុងដំណាក់កាលនេះ ព្រមទាំងចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕