ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ អភិបាលរាជធានីខេត្ត នៅតែមានសិទ្ធិដាក់វិធានការផ្សេងបន្តទៀត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ អភិបាលរាជធានីខេត្ត នៅតែមានសិទ្ធិដាក់វិធានការផ្សេងបន្តទៀត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
ថ្លែងក្នុងវេទិកាពិសេស ក្រោមប្រធានបទ ស្តីពីសកម្ម ភាពនិងលទ្ធផលនៃការអនុវត្តរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែ ឧសភា ឯកឧត្តម គឹម សន្តិ ភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចការបើកការបិទខ្ទប់ហើយគណៈអភិបាលរាជធានីខេត្តអាចមានសិទ្ធិនូវការដាក់ ចេញនូវវិធានការណាមួយ រួមទាំងវិធានការបិទខ្ទប់ទៀត ដើម្បីធានាក្នុងការគ្រប់គ្រងនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ។
ឯកឧត្តម បានបន្តថា តាមអ្វីដែលជាការប្រគល់សិទ្ធិរបស់រាជរដ្ឋាភិបាល នៅក្នុងអនុក្រឹត្យលេខ៥៧ ដោយរាល់វិធានការដែលបានដាក់ចេញនេះ គឺគណៈអភិបាលរាជធានី -ខេត្ត មានសិទ្ធិដាក់ចេញនូវវិធានការសម្រាប់ទីតាំងឬភូមិសាស្រ្តណាមួយ នៃរាជធានីខេត្តរបស់ខ្លួន ប៉ុន្តែសម្រាប់ការដាក់ចេញនូវវិធានាការ បិទខ្ទប់សម្រាប់ខេត្តទាំងមូល ឬរាជធានីទាំងមូលគឺជាសមត្ថ កិច្ចរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តវិធានការរដ្ឋបាលណាមួយ ក្នុងវិសាលភាពអនុវត្តលើសពីរាជធានី-ខេត្ត ឧទាហរណ៍ ការអនុវត្ត ខេត្ត២ ឬខេត្ត៣ ឬរាជធានីផងខេត្តផងឬក្របខណ្ឌទូទាំងប្រទេស សេចក្តីសម្រេចនោះ ត្រូវធ្វើ ឡើងដោយរាជរដ្ឋាភិបាល ។
«ប៉ុន្តែមិនមានន័យថា គណៈអភិបាលរាជធានីខេត្ត មិនអាចដាក់ចេញនូវវិធានការណាមួយ ដែលស្ថិតនៅក្នុងក្របខណ្ឌនៃភូមិសាស្រ្តដែលជាសមត្ថកិច្ចរបស់ខ្លួននោះទេ ។ គណៈអភិបាលរាជធានីខេត្តនៅតែមានតួនាទីភារកិច្ចនិងសិទ្ធិនៅក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល ដើម្បីឆ្លើយតបឱ្យបានទាន់ពេលនិងឆាប់រហ័សហើយ ដែលជាវិធានការចាំបាច់ជាមួយកាលៈទេសៈនៃការរីករាល ដាលឆ្លងនៃជំងឺនេះនៅក្នុងកម្រិតភូមិសាស្រ្តដែលជាសមត្ថកិច្ចរបស់គណៈអភិបា លខេត្តរាជធានីនីមួយៗ »។
សូមបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជា កាលពីយប់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ។
សេចក្តីសម្រេចប្រការ១ បញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ខែមេសាឆ្នាំ ២០២១ និង សេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២១ របស់រាជរដ្ឋាភិ បាលចាប់ពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២១ តទៅ ៕