កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលរឹងទទឹងមិនព្រមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល!
នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីបុរសម្នាក់ រត់ម៉ូតូកង់បី មិនគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើកំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបុរសខាងលើមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕