ខ្មែរប៉ុស្ដិ៍ Close

សភាពាណិជ្ជកម្មកម្ពុជា ជំរុញឲ្យអ្នកផលិតប្រើប្រាស់បាកូដលើគ្រប់មុខទំនិញ ដើម្បីបញ្ជាក់ពីប្រភពដើម និងការពារការក្លែងបន្លំ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ មុខរបរ 40
សភាពាណិជ្ជកម្មកម្ពុជា ជំរុញឲ្យអ្នកផលិតប្រើប្រាស់បាកូដលើគ្រប់មុខទំនិញ ដើម្បីបញ្ជាក់ពីប្រភពដើម និងការពារការក្លែងបន្លំ! សភាពាណិជ្ជកម្មកម្ពុជា ជំរុញឲ្យអ្នកផលិតប្រើប្រាស់បាកូដលើគ្រប់មុខទំនិញ ដើម្បីបញ្ជាក់ពីប្រភពដើម និងការពារការក្លែងបន្លំ!

ដើម្បីបញ្ជាក់ប្រភពដើមទំនិញ និងពង្រឹងគុណភាពស្តង់ដារទំនិញ កម្ពុជាដែលមានសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ជាសេនាធិការ បានជំរុញឲ្យពាណិជ្ជករ ដែលជាអ្នកផលិតទំនិញនានា ទាំងការផ្គត់ផ្គង់ ក្នុងស្រុក និងការផ្គត់ផ្គង់ក្រៅប្រទេស ត្រូវមកចុះឈ្មោះទទួលយកបាកូដ ដាក់លើផលិតផលរបស់ខ្លួន ។

លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជាធម្មតានៅគ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោក គេពិនិត្យមើលណាស់ នូវមុខទំនិញ និងផលិតផលមុននឹងនាំចូលប្រទេសគេ ហើយបើទំនិញណាមិនមានបាកូដ គេនឹងមិនអនុញ្ញាតឲ្យចូលទេ ព្រោះគេមិនដឹងថា ទំនិញនោះមានប្រភពមកពីណាច្បាស់លាស់ មានការក្លែងបន្លំ ឬយ៉ាងណាទេ។ ដូចនេះ ដើម្បីបញ្ជាក់ពីគុណភាពផលិតផលរបស់ខ្មែរ យើងត្រូវតែដាក់បាកូដឲ្យបានគ្រប់ទំនិញទាំងអស់។

លោកបន្តថា សម្រាប់ការផ្ដល់បាកូដទៅម្ចាស់សហគ្រិន ឬអ្នកផលិតណាមួយ គឺត្រូវមានការព្រមព្រៀង និងអនុញ្ញាតពីក្រសួងពាក់ព័ន្ធនានា ដើម្បីកុំឲ្យមានការជាន់បាកូដគ្នារវាងផលិតផលផ្សេងៗទៀត ។ បាកូដនេះដែរ ក៏បានជួយម្ចាស់ផលិតផលពីការក្លែងបន្លំម៉ាក និងផលិតផល ហើយវាក៏បានជួយដល់អ្នកប្រើប្រាស់ ដើម្បីសម្គាល់ម៉ាក និងគុណភាពរបស់ផលិតផលទាំងនោះ ។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា «បាកូដវាបានជួយគ្រប់គ្រងស្តុក ប្រភពដើមមកពីណា និងអាចគ្រប់គ្រងតម្លៃ បានច្បាស់លាស់ទៀតផង។ ក៏ប៉ុន្តែ សម្រាប់ពាណិជ្ជករក្នុងស្រុកយើង មានតិចណាស់ដែលបានយល់ដឹងពីបាកូដនេះ អីចឹងខ្ញុំមានតែស្នើឲ្យពួកគាត់ចូលរួមទទួល បាកូដដាក់លើផលិតផលរបស់ខ្លួន ឲ្យបានគ្រប់ៗគ្នាទេ ទើបអាចឲ្យផលិតផលខ្មែរយើង មានការទទួលស្គាល់ និងងាយស្រួលនាំចេញ»

លោកបន្តថា ដោយសារតែសភាពាណិជ្ជកម្មកម្ពុជា បានចូលជាសមាជិកបាកូដពិភពលោក ដូចនេះ សមាគមនេះបានផ្ដល់បាកូដឲ្យតែសភាពាណិជ្ជកម្មមួយប៉ុណ្ណោះ សម្រាប់ប្រទេសកម្ពុជាយើង ដូចនេះហើយពាណិជ្ជករទាំងអស់ គួរតែមកចូលរួមជាមួយសភាពាណិជ្ជកម្ពុជា និងទទួលយកបាកូដ សម្រាប់ប្រើប្រាស់នៅលើផលិតផលរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទទាក់ទង