អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះវីរុសកូវីដ-១៩ បំលែងថ្មី កំពុងតែចរាចរណ៍យ៉ាងសកម្មនៅរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្ដមួយចំនួន
ថ្លែងក្នុងសារសំឡេងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះវីរុសកូវីដ-១៩ បំលែងថ្មី កំពុងតែចរាចរណ៍យ៉ាងសកម្មនៅរាជធានីភ្នំពេញ ក៏ដូចជាមានការចម្លងបន្តទៅដល់បណ្តាខេត្ដមួយចំនួន ដូចជានៅខេត្តកណ្ដាល ព្រះសីហនុ សៀមរាប ត្បូងឃ្មុំ ព្រៃវែង ហើយក៏មានរកឃើញថ្មីៗនេះនៅខេត្តស្វាយរៀងផងដែរ។ លោកស្រី បន្ថែមថា ហើយយើងក៏មិនដឹងថា តើវីរុសបំលែងថ្មីនេះ វាបានចរាចរណ៍ ទៅខេត្តណាខ្លះទៀតនោះទេ។
លោកស្រី ឱ វណ្ណឌីន បានបន្តទៀតថា បច្ចុប្បន្ននេះស្ថានភាពនៃការវាយលុករបស់វីរុសកូវីដ-១៩ គឺមានសភាពមួយ ដែលស្ថិតក្នុងក្តីព្រួយបារម្ភមែនទែន ដូច្នេះសូមអំពាវនាវហើយអំពាវនាវទៀត សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាពិចារណាគិតគូរអំពីអាយុជីវិតរបស់ខ្លួន ធ្វើយ៉ាងណារក្សាខ្លួនកុំឲ្យវីរុសកូវីដ-១៩ បំលែងថ្មី វាយលុកមកលើសេរីរាង្គរបស់យើងឲ្យសោះ គឺត្រូវចេះការពារខ្លួនឲ្យបានម៉ត់ចត់ជាទីបំផុត ដោយអនុវត្តនូវវិធានការ ” ៣ការពារ និង ៣កុំ ” ហើយប្រសិនបើមិនមានការចាំបាច់ទេ សុំមេត្តានៅផ្ទះ ហើយមើលកូនចៅយើងឲ្យបានល្អជាទីបំផុត ដើម្បីជៀសវាងការទៅប៉ះពៀរជាមួយវីរុសកូវីដ-១៩ ដែលបំលែងថ្មីនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៩៦៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១០៧៤នាក់, កំពុងសម្រាកព្យាបាលចំនួន ៨៨៤នាក់ និងអ្នកជំងឺ ៨នាក់បានស្លាប់៕