២គ្រាប់របស់ Benzema នាំ Real ទៅវគ្គផ្ដាច់ព្រ័ត្រ UCL ៣រដូវកាលជាប់គ្នា
បងធំទ្វីបអឺរ៉ុប Real Madrid ទីបំផុតនៅតែមានមុខនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីយកឈ្នះ Bayern Munich សរុបលទ្ធផលទាំងពីរជើង ៤ ទល់នឹង៣។
ការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ជើងឯក១២សម័យកាលមកពីអេស្ប៉ាញបានបញ្ចប់ក្នុងលទ្ធផល ២ទល់នឹង២ប៉ុណ្ណោះនៅទឹកដីរបស់ខ្លួនប៉ុន្តែលទ្ធផលនេះវាគ្រប់គ្រាន់ហើយសម្រាប់ពួកគេឡើងទៅវគ្គបន្តដោយសារ Real បានឈ្នះក្រៅដី ២-១ កាលពីសប្ដាហ៍មុន។
Kimmich ស៊ុតឲ្យ Bayern នាំមុខ១គ្រាប់តាំងពីការប្រកួតចាប់ផ្ដើមបាន៣នាទី ប៉ុន្តែខ្សែប្រយុទ្ធ Benzema តែតឲ្យម្ចាស់ផ្ទះតាមស្មើនៅនាទី១១។ ចូលវគ្គទីពីរអ្នកចាំទី Ulreich បានផ្ដល់កាដូដល់ Real ១គ្រាប់ ដោយសារទាត់បាល់ខុស ធ្វើឲ្យ Benzema យកបាល់បានហើយស៊ុតបញ្ចូលទីគ្រាប់ទីពីរនៅនាទី៤៦។
លុះនាទី ៦៣ Rodríguez បានស៊ុតអតីតក្លឹបចាស់បានសម្រេចជួយ Bayern តាមស្មើ ២ទល់នឹង២ ប៉ុន្តែនៅនាទីបន្ទាប់លទ្ធផលគ្មានការប្រែប្រួលនោះទេធ្វើឲ្យចប់ការប្រកួត Real Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣ រដូវកាលជាប់ៗគ្នា៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Sabay