ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធ ខ្ពស់ ប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានល្អ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថាក្នុងអំឡុងមួយ សប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា នៅថ្ងៃទី២៤ដល់២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិកនិងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូណេស៊ី ហើយនៅថ្ងៃទី២៨ ដល់៣០ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលពី កម្រិតសម្ពាធទាបខ្សោយ ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាប កណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៥ទៅ២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤ទៅ៣៧ °C ហើយមានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅមធ្យម ។ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៥ទៅ២៨ °c និង សីតុណ្ហភាពអតិបរមា មានពី ៣៤ទៅ៣៧ °C ហើយមានភ្លៀង ផ្គររន្ទះ ខ្សោយ ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៧ °C និង សីតុណ្ហភាពអតិបរមា មានពី ៣០ទៅ៣៣ °C ហើយមានភ្លៀង ផ្គររន្ទះ ពីខ្សោយទៅមធ្យម ៕

អត្ថបទទាក់ទង