ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបើកឲ្យដំណើរការឆ្លងកាត់បណ្ដោះអាសន្ន ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់ទៅលេងកម្សាន្ត និងសម្ដែងការសប្បាយរីករាយ
ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានស្ថាបនារួចរាល់ហើយ និងបានបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ខណៈដែលគេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានទៅលេងកម្សាន្តនៅលើស្ពាននេះ ព្រមទាំងបង្ហាញការសប្បាយរីករាយដោយសារតែសមិទ្ធផលដ៏ល្អឯក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីមុខមាត់រីកចម្រើននៅតាមមូលដ្ឋាន។
អ្នកស្រី ម៉ាន ណាស៊ីរ៉ោះ ប្រជាពលរដ្ឋរស់នៅស្រុកក្រូចឆ្មារ ដែលបាននាំគ្រួសារទៅលេងកម្សាន្តនៅលើស្ពាននេះកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា លោកស្រី និងក្រុមគ្រួសារ ទន្ទឹងរង់ចាំការស្ថាបនាស្ពាននេះយូរឆ្នាំមកហើយ។ បន្ទាប់ពីបានឃើញស្ពាននេះបានសាងសង់រួចរាល់ វាប្រៀបបាននឹងព្រះឥន្ទ្រប្រទាននូវស្ពានដ៍ល្អឯកមួយ ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់មកស្រុកក្រូចឆ្មារនេះ ដែលធ្វើឲ្យមានភាពងាយ ស្រួលសម្រាប់ប្រជាពលរដ្ឋ នៅក្នុងការធ្វើដំណើរឆ្លងពីស្រុកក្រូចឆ្មារ ទៅស្រុកស្ទឹងត្រង់។
អ្នកស្រីបន្តថា ដើមឡើយពួកគាត់តែងតែធ្វើដំណើរឆ្លងតាមទូកដរ និងសាឡាង ដែលមានការលំបាក ដោយសារតែការឆ្លងតាមមធ្យោបាយនេះ មានម៉ោងកំណត់របស់គេ ដែលជាហេតុធ្វើឱ្យមានភាពយឺតយ៉ាវមួយចំនួន។ ប៉ុន្តែ បន្ទាប់ពីបានឃើញសមិទ្ធផលដ៏ល្អឯកនូវស្ពានមិត្តភាពកម្ពុជា-ចិននេះ លេចចេញជារូបរាងរួចមក ធ្វើឲ្យពួកគាត់មានការសប្បាយចិត្តត្រេកអរយ៉ាងខ្លាំង ដែលស្ពាននេះគឺជាតឹកតាងដ៏សំខាន់មួយ ដែលបង្ហាញអំពីស្នាដៃរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យមានការសាងសង់ស្ពានមួយនេះ សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនេះព្រោះថា ស្ពាននេះគឺជាសរសៃឈាមតភ្ជាប់សេដ្ឋកិច្ចដ៏ល្អណាស់ ខណៈដែលមានការធ្វើចរាចរណ៍ មានកំណើនយ៉ាងច្រើនកុះករ និងអាចបង្កើតឲ្យមានមុខរបរ និងសេដ្ឋកិច្ចល្អជាងមុន។
ជាមួយគ្នានេះ លោក សុះ ម៉ាត់ ជាប្រជាពលរដ្ឋម្នាក់ទៀតរស់នៅស្រុកក្រូចឆ្មារផងដែរនោះ បានលើកឡើងថា ស្ពាននេះពួកគាត់ទន្ទឹងរង់ចាំដូចរង់ចាំម្ដាយមកពីផ្សារយ៉ាងដូច្នោះដែរ ដោយសារតែស្ពាននេះពិតជាមានសារៈសំខាន់ យ៉ាងខ្លាំង នៅពេលដែលស្ពានបានតភ្ជាប់ ដែលញ៉ាំងឱ្យប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីទាំងប្រជាកសិករ អ្នកធ្វើដំណើរទៅមក អ្នកដឹកទំនិញ ដឹកកសិផលទាំងឡាយ គឺពិតជាមានភាពងាយស្រួលនៅក្នុងការតភ្ជាប់សរសៃឈាម តភ្ជាប់ការរកស៊ីរកទទួលទានរបស់គាត់ដែលស្ពានមួយខ្សែនេះ ពិតជាឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
លោក សុះ ម៉ាត់ បញ្ជាក់ទៀតថា ពីមុនដើមឡើយពួកគាត់ឆ្លងសាឡាងមានការលំបាកមានម៉ោងកំណត់ពេលវេលាត្រឹមត្រូវ ហើយម្ដងឆ្លងចំណាយពេលពីកន្លះម៉ោងទៅមួយម៉ោង ដែលធ្វើឲ្យពួកគាត់មានការរង្គាសចិត្ត និងពិបាក ក៏ប៉ុន្តែមិនដឹងនិយាយថាម៉េច ពីព្រោះថានេះគឺជាគោលការណ៍របស់គេ។ ប៉ុន្តែបន្ទាប់ពីមានស្ពាននេះរួចមក ពួកគាត់មានសង្ឃឹមថ្មីដូចព្រះអាទិត្យរះឡើងដែលរំលេចដោយពន្លឺចិញ្ចាំង ចិញ្ចែងថ្មីដែលនាំឲ្យពួកគាត់មានការសប្បាយចិត្ត និងរីករាយឥតឧបមាដោយសារតែស្ពាននេះគឺជាសរសៃឈាមតភ្ជាប់សេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
គួរជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន ដែលឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចុះ ត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកឱ្យដំណើរការជាបណ្តោះអាសន្ន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា៖
«ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេសនេះពេលយើង ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយមានការកកស្ទះគឺមិនចង់ឱ្យគាត់ប្រើសាឡាងទៀតទេ គឺថាអាចប្រើ ស្ពាននេះបាន ចឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានឯកភាពថាឱ្យបើកស្ពាននេះជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃនេះតទៅ»៕
Fresh News