ជំងឺគេងមិនលក់ អាចបណ្តាលពីបញ្ហាទាំង ៥ នេះ

ជំងឺគេងមិនលក់ គឺជាបញ្ហាទូទៅបំផុតទាក់ទងនឹងការគេងដែលជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពក្នុងការគេងលក់ ឬគេងបានស្កប់។ មានបញ្ហាសុខភាពជាច្រើនដែលបណ្ដាលឲ្យកើតមានការគេងមិនលក់ ហើយជារឿយៗ គឺដោយសារតែរោគសញ្ញានៃបញ្ហាទាំងនោះ។ លើសពីនេះទៅទៀត ថ្នាំសម្រាប់ព្យាបាលបញ្ហាសុខភាពមួយចំនួនក៏ផ្សាភ្ជាប់ទៅនឹងជំងឺគេងមិនលក់ផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពទូទៅបំផុតដែលបណ្ដាលឲ្យគេងមិនលក់ រួមជាមួយនឹងដំណោះស្រាយ ៖
១. ជំងឺទឹកនោមផ្អែម ៖ គឺជាបញ្ហាសុខភាពមួយដែលអាចបណ្ដាលឲ្យកើតមានជំងឺគេងមិនលក់ ដោយសារតែរោគសញ្ញាផ្សេងៗនៃជំងឺនេះ។ ជាក់ស្ដែងដូចជា អ្នកកើតជំងឺទឹកនោមផ្អែម គឺឈឺនោមញឹក ដែលជាហេតុអាចធ្វើឲ្យភ្ញាក់ដឹងខ្លួនជាច្រើនដងនៅពេលយប់ពិបាកនឹងគេងលក់បានស្កប់។ ដូច្នេះចូរព្យាយាមនោមឲ្យហើយមុនពេលចូលគេង ក៏ព្រោះប្រសិនបើចូលគេងទាំងឈឺនោមតិចៗនោះ អ្នកនឹងត្រូវភ្ញាក់ដឹងខ្លួនកណ្ដាលយប់ ឬពេលកំពុងគេងលក់ស្រួល ដោយសារតែប្លោកនោមមិនអាចទ្រទ្រង់ទឹកនោមបានទៀត ឬឈឺនោមខ្លាំង។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង អ្នកមិនគួរទទួលទានទឹក ឬភេសជ្ជៈដទៃទៀតនៅរយៈពេល ២ ឬ ៣ ម៉ោងមុនចូលគេងឡើយ។
២. ឈឺចាប់រ៉ាំរ៉ៃ ៖ ប្រភេទនៃជំងឺផ្សេងទៀតដែលបណ្តាលអោយអ្នកគេងមិនលក់ ដោយការភ្ញាក់ដឹងខ្លួននៅពាក់កណ្តាលយប់នោះ គឺអាការៈនានាដែលបណ្តាលឲ្យកើតមានបញ្ហាឈឺចាប់រ៉ាំរ៉ៃ។ រួមបញ្ចូលទាំង ជំងឺរលាកសន្លាក់ ជំងឺឈឺសាច់ដុំ និងសសៃពួរ ជាដើម។ ការឈឺចាប់រ៉ាំរ៉ៃ គឺមិនត្រឹមតែធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដាលឲ្យភ្ញាក់ដឹងខ្លួនកណ្ដាលយប់នៅពេលទទួលរងអារម្មណ៍ឈឺចាប់ផងដែរ។ វិធីដ៏ល្អបំផុតដើម្បីបំបាត់អាការៈឈឺចាប់នោះ គឺអ្នកត្រូវទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញ ឬប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលមានវេជ្ជបញ្ជាត្រឹមត្រូវ។
៣. ការច្រាលឡើងនៃអាស៊ីតក្រពះ ៖ អាការៈនៃការច្រាលអាស៊ីតក្រពះ ក៏ជាកត្តាដែលបណ្ដាលឲ្យអ្នកភ្ញាក់ដឹងខ្លួនកណ្ដាលយប់ផងដែរ ដោយសារតែការឈឺចាប់ ឬក្រហាយទ្រូង។ ពេលវេលាដែលរាងកាយបង្កើតជាតិអាស៊ីត គឺចន្លោះពីម៉ោង ១០ យប់ ដល់ ២ ភ្លឺ។ នេះមានន័យថា ប្រសិនបើអ្នកទទួលទានអាហារគៀកនឹងម៉ោង ឬពេលចូលគេងពេក អ្នកនឹងជួបប្រទះបញ្ហាច្រាលអាស៊ីតក្រពះ ខណៈពេលកំពុងគេងជាមិនខាន។ អារម្មណ៍ក្រហាយទ្រូងនឹងបណ្ដាលឲ្យអ្នកគេងមិនលក់ រួមផ្សំជាមួយនឹងការឈឺចាប់ខ្លាំងទៀតនោះ អ្នកនឹងភ្ញាក់ដឹងខ្លួន។ ដូច្នេះដើម្បីជៀសវាងបញ្ហានេះកើតឡើង ចូរជៀសវាងការទទួលទានអាហារផ្សេងៗច្រើននៅខណៈពេលជិតចូលគេង។
៤. ថ្នាំពេទ្យ ឬឱសថ ៖ រោគគេងមិនលក់អាចកើតមាន ដោយសារតែការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ថ្នាំ alpha-blockers (បន្ថយសម្ពាធឈាម) ថ្នាំ beta-blockers (ព្យាបាលជំងឺលើសឈាម និងបញ្ហាបេះដូង) ថ្នាំ corticosteroids (ព្យាបាលជំងឺហឺត) ថ្នាំ SSRI antidepressants (ព្យាបាលជំងឺធ្លាក់ទឹកចិត្ត) ថ្នាំលើសឈាម ACE inhibitors ថ្នាំ angiotensin II-receptor blockers (បញ្ចុះសម្ពាធឈាម) ថ្នាំ cholinesterase inhibitors (ព្យាបាលជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់) ថ្នាំ non-sedating antihistamines ថ្នាំ glucosamine និង chondroitin (ព្យាបាលជំងឺសន្លាក់) និងថ្នាំ statins (បន្ថយកម្រិតកូឡេស្តេរ៉ូល)។ ប្រសិនបើអ្នកទទួលទាន ឬប្រើប្រាស់ថ្នាំប្រភេទដូចដែលបានរៀបរាប់ ហើយជួបប្រទះនូវបញ្ហាគេងមិនលក់ ចូរពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញអំពីដំណោះស្រាយ ដោយគ្រូពេទ្យ ឬវេជ្ជបណ្ឌិតអាចនឹងធ្វើការផ្លាស់ប្ដូរថ្នាំប្រភេទផ្សេង។
៥.បញ្ហាជំងឺផ្លូវចិត្ត ៖ បញ្ហាផ្លូវចិត្ត គឺជាមូលហេតុទូទៅបំផុតមួយដែលជាញឹកញយបណ្ដាលឲ្យគេងមិនលក់។ ហើយការថប់បារម្ភ និងធ្លាក់ទឹកចិត្ត គឺជាអាការៈចម្បងបំផុត៕
ប្រភព៖ Dailyhealthpost