ជប៉ុនធ្វើតេស្តសាកល្បងយកថ្នាំផ្តាសាយ Avigan មកព្យាបាលជំងឺកូវីដ-១៩
តើថ្នាំប្រឆាំងជំងឺផ្តាសាយ អាវីហ្កង់ Avigan (favipiravir) មានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ-១៩ យ៉ាងណា ? បន្ទាប់ពីបានឃើញលទ្ធផលសិក្សា នៅក្នុងប្រទេសចិន គួរជាទីសង្ឃឹមមក ក្រុមហ៊ុនហ្វូជីហ្វីម Fujifilm របស់ជប៉ុន បានចាប់ផ្តើមការធ្វើតេស្តសាកល្បង ដោយប្រើថ្នាំ អាវីហ្កង់ ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១០០នាក់ នៅតូក្យូ។ ការសាកល្បងនឹងប្រព្រឹត្តទៅរហូតដល់ដំណាច់ខែមិថុនា។
ថ្នាំ អាវីហ្កង់ (Avigan) នឹងត្រូវយកទៅសាកល្បងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបានធ្លាក់ខ្លួនឈឺរលាកសួត ដំណាក់កាលដំបូង និងមានអាយុ ពី២០ទៅ៧៤ឆ្នាំ។ ការព្យាបាលដោយលេបថ្នាំនេះត្រូវមាន រយៈពេលយ៉ាងយូរបំផុត ១៤ថ្ងៃ។ ស្ត្រីមានផ្ទៃពោះមិនត្រូវបានអនុញ្ញាតឱ្យធ្វើការសាកល្បងប្រើថ្នាំនេះទេ ព្រោះខ្លាចមានផលរំខានដល់ទារកក្នុងផ្ទៃ។ ប្រសិនបើការសាកល្បងនេះទទូលបានលទ្ធផលល្អ ប្រសិទ្ធភាពនៃថ្នាំត្រូវបានបញ្ជាក់ នោះក្រុមហ៊ុនអាចសុំសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ទូទៅសម្រាប់ព្យាបាលជំងឺកូវីដ-១៩ហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ដែលមានសកម្មភាពខ្លាំងក្នុងវិស័យសុខាភិបាល តែសាធារណជនទូទៅស្គាល់ច្រើនត្រឹមជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារការិយាល័យនិងថតរូប។
ក្រុមហ៊ុនបានសម្រេចធ្វើការសាកល្បងនេះ ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសកាលពីចុងសប្តាហ៍មុនថារដ្ឋាភិបាលជប៉ុននឹងរៀបចំសំណើបែបបទតាមច្បាប់ដើម្បីអនុម័តឱ្យប្រើប្រាស់ថ្នាំ អាវីហ្កង់ សម្រាប់ព្យាបាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ថ្នាំ អាវីហ្កង់ ដែលមានធាតុសកម្ម favipiravir ត្រូវបានអាជ្ញាធរចិនធ្វើការសាកល្បងគ្លីនិក និងបានផ្តល់លទ្ធផលគួរជាទីសង្ឃឹមកាលពីខែមុន។ បើតាមប៉េកាំង អាវីហ្កង់ (favipiravir) បានជួយឱ្យអ្នកជំងឺឆាប់ជាពីកូរ៉ូណាវីរុសថ្មី។
ស្ថិតក្នុងចំណោមថ្នាំAntiviraux អាវីហ្កង់ បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ នៅជប៉ុន នៅឆ្នាំ២០០៤សម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយធំធ្ងន់ធ្ងរខ្លាំង ដែលពុំអាចព្យាបាលដោយថ្នាំអ្វីផ្សេងទៀតបាន។ ធាតុសកម្មរបស់ថ្នាំអាវីហ្កង់ មានសមត្ថភាពពិសេសអាចទៅទប់វីរុសផ្តាសាយប្រភេទ ARN polymérase មិនឱ្យធ្វើសកម្មភាព។ ចំណែកកូរ៉ូណាវីរុសថ្មី ក៏ជាប្រភេទវីរុសនេះដែរ ទើបអ្នកស្រាវជ្រាវមានសង្ឃឹមថាថ្នាំអាវីហ្កង់អាចព្យាបាលកូវីដ-១៩បានដែរ។ ប៉ុន្តែអាវីហ្កង់ គ្មានដាក់លក់តាមឱសថស្ថាន និងស្តុកក្នុងមន្ទីរពេទ្យ នៅជប៉ុនឬនៅបរទេសទេ។
អ្នកស្រាវជ្រាវនិងក្រុមហ៊ុនឱសថនៅលើពិភពលោក កំពុងប្រជែងគ្នាស្វែងរកថ្នាំព្យាបាលនិងថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងសកម្ម។ ក្តីសង្ឃឹមកំពុងរំពឹងខ្លាំងជាងគេ ទៅលើការព្យាបាលដោយប្រើថ្នាំពន្យារជីវិតប្រឆាំងនឹងជំងឺស៊ីដា និងថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូគីន Hydroxychloroquine និងក្លរ៉ូគីន Chloroquine ដែលមានស្រាប់៕