ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មានត្រៀមជាស្រេចសម្រាប់ដំណើរការផ្សព្វផ្សាយកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២១នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 135
ក្រសួងព័ត៌មានត្រៀមជាស្រេចសម្រាប់ដំណើរការផ្សព្វផ្សាយកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២១នេះ ក្រសួងព័ត៌មានត្រៀមជាស្រេចសម្រាប់ដំណើរការផ្សព្វផ្សាយកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២១នេះ

មន្ត្រីជាន់ខ្ពស់ក្រសួង ព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានបានត្រៀមលក្ខណៈរួចរាល់ហើយទាំងលក្ខណៈបច្ចេកទេស និងការរៀបចំក្រុមការងារ សម្រាប់ដំណើរការផ្សព្វផ្សាយ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២១នេះ ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងពិភពលោកបានដឹងពីគ្រប់ព្រឹត្តិការនៃកិច្ចប្រជុំដ៏មានសារសំខាន់នេះ ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២១នេះ គឺគ្រោងរៀបចំនៅចុងខែតុលា ឬដើមខែវិច្ឆិកានៅឆ្នាំ២០២១។ លោកបានបន្តថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្រាប់ក្រសួងព័ត៌មានគឺមានកិច្ចការសំខាន់ចំនួនពីរ៖

ទី១៖ គឺការរៀបចំត្រៀមលក្ខណៈនៅក្នុងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក៏ដូចជាព្រឹត្តិការណ៍អមនានានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះផងដែរ

ទី២៖ ក្រសួងព័ត៌មានសម្របសម្រួលនិងសហការជាមួយមូលនិធិអាស៊ីអឺរ៉ុប នៅក្នុងការរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបមួយដែលមានឈ្មោះថាវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ីអឺរ៉ុបលើកទី១០។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រៅពីនេះក្រសួងព័ត៌មានក៏បានដាក់ចេញនូវផែនការសកម្មភាពបីបន្ថែមទៀតនៅក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះផងដែរ។

សម្រាប់កិច្ចការទាំងពីរដែលក្រសួងព័ត៌មានទទួលខុសត្រូវនេះរហូតមកដល់ពេលនេះក្រសួងព័ត៌មានបានត្រៀមលក្ខណៈរួចរាល់ហើយទាំងលក្ខណៈបច្ចេកទេស និងការរៀបចំក្រុមការងារ ដើម្បីទទួលខុសត្រូវនៅក្នុងការអនុវត្តការងារដែលនឹងមកដល់នៅពេលខាងមុខនេះ។ បន្ថែមពីនេះក្រសួងព័ត៌មាន ក៏បានដាក់ចេញនូវផែនការសកម្មភាព ៣ នៅក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះផងដែរ។

ទី១៖​ គឺផែនការសកម្មភាពសម្រាប់មុនកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបមកដល់ ដែលក្រសួងព័ត៌មានបានរៀបចំបទយកការណ៍ ការសរសេរជាព័ត៌មាន និងរៀបចំនូវកិច្ចពិភាក្សាតុមូលមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានស្វែងយល់អំពីអាស៊ីអឺរ៉ុប។

ទី២៖ គឺការរៀបចំផ្សព្វផ្សាយទាំងស្រុងនូវព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប

ទី៣៖ គឺការសិក្សាយ៉ាងលម្អិតក្រោយពេលកិច្ចប្រជុំអាស៊ីអឺរ៉ុបបានបញ្ចប់ទៅ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប គឺជា កិច្ចពិភាក្សា នៃ ដំណើរការផ្លូវការមួយនិង កិច្ចសហប្រតិបត្តិការរ វាងសមាជិក សហភាពអឺរ៉ុបទាំង៣០ប្រទេស និង អាស៊ី ចំនួន២១ប្រទេស ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ផងដែរ ដោយកិច្ចពិភាក្សាលើកឡើង ពី បញ្ហា ឭនយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយគោលបំណងនៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណងនៃការគោរពគ្នា ទៅវិញទៅមកនិងភាពជាដៃគូដោយស្មើសិទ្ធិគ្នា។

កិច្ចប្រជុំ អាស៊ី-អឺរ៉ុប ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទទាក់ទង