ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចដងទន្លេជៀស៊ីង និងសាលអនុស្សាវរីយ៍បដិវត្តន៍ណានហ៊ូ ប្រទេសចិន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ដងទន្លេជៀស៊ីង និងសាលអនុស្សាវរីយ៍បដិវត្តន៍ណានហ៊ូ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម Yuan JiaJun លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត ចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម Yuan JiaJun បានមានប្រសាសន៍ថា មិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្ដថា ខេត្តចឺជាំង គឺជាកន្លែងដែលកប៉ាល់ក្រហមនៃបដិវត្តន៍ចិនបានចាប់ផ្តើម ដែលជាកន្លែងដំបូងគេសម្រាប់ការកែទម្រង់ ហើយជាកន្លែងសំខាន់មួយដែលគំនិតរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing ស្តីពីសង្គមនិយមនៅក្នុងយុគសម័យថ្មីបានលេចចេញ ជាផ្លូវការ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា តាមរយៈព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គ ឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងកាន់តែឈ្វេងយល់យ៉ាងស៊ីជម្រៅថែមទៀត ចំពោះខេត្តចឺជាំង និងជំរុញឱ្យភាគីទាំងពីរកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ដើម្បី ជំរុញឱ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគ្នាលើវិស័យ និងកម្រិតផ្សេងៗជាពិសេសធ្វើឱ្យ ស៊ីជម្រៅ និងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខភាព ទេសចរណ៍ និងផ្នែកផ្សេងៗជាច្រើនទៀត។
ឯកឧត្តមលេខាគណៈកម្មាធិការបក្សខេត្តក៏បានបន្ថែមថា យើងនឹងអនុវត្តន៍ការមូលមតិគ្នាដែលបានសម្រេចដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅចឺជាំងខាងកើតឱ្យដល់កម្រិតខ្ពស់មួយ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យថ្លែងក្នុងឱកាសនោះថា ព្រះអង្គពិតជាមានព្រះរាជហឫទ័យរីករាយដែលបានមកទស្សនា ខេត្តចឺជាំង ជាថ្មីម្តងទៀត ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័សរបស់ទីក្រុងចឺជាំង គឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានបង្កើតឡើងដោយប្រជាជនចិនក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន។ ព្រះអង្គសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing ប្រទេសចិននឹងទទួលបានការអភិវឌ្ឍថ្មីៗនិងកាន់តែប្រសើរថែមទៀត។
ព្រះអង្គបានលើកឡើងបន្ថែមថា តាមរយៈព្រះរាជដំណើរទស្សនកិច្ចនេះ យើងនឹងទទួលមរតក និងបន្តនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕