ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន បង្កើត «គណបក្សកែទម្រង់កម្ពុជា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 32
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន បង្កើត «គណបក្សកែទម្រង់កម្ពុជា» ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន បង្កើត «គណបក្សកែទម្រង់កម្ពុជា»

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក បង្កើតគណបក្សកែទម្រង់កម្ពុជាហើយ។

យោងតាមលិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយលោក ស ខេង ផ្ញើទៅកាន់ លោក ទិន សៃ តំណាងស្ថាបនិកគណបក្សនេះ បានឱ្យដឹងថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកតំណាងស្ថាបនិកគណបក្សជ្រាបថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សកែទម្រង់កម្ពុជា» ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សឡាតាំង «CAMBODIA REFORM PARTY» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង»។

ទន្ទឹមនឹងការអនុញ្ញាតនេះ ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យតំណាងស្ថាបនិកគណបក្សធ្វើការផ្លាស់ប្តូរពាក្យ «សង្គ្រោះ បំរើ ការពារ» ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារពាក្យនេះដូចគ្នាទៅនឹងបាវចនារបស់គណបក្សនយោបាយ ដែលត្រូវបានរំលាយដោយសារសាលដីការតុលាការកំពូល។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១៤រូបហើយ ដែលត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៤ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា និងគណបក្សថ្មីនេះជាដើម៕

អត្ថបទទាក់ទង