ឯកឧត្តម ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត
ឯកឧត្តម ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតតាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃ នាព្រឹកថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿងសម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ដើម្បីជាការជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារនិងទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីនៅតាមបណ្តាខេត្តនានាក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
នាឱកាសនោះ បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចធិបតីនិងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានីដែលបានជួយដោះស្រាយផ្តល់មធ្យោបាយបានទៅលេងស្រុកកំណើតក្នុងខណ:ថ្លៃធ្វើដំណើរឡើងថ្លៃខ្ពស់ដោយសារវិបត្តិប្រេងឥន្ធន:សកល។
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជូនពរដល់បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋទាំងអស់សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងពេលទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពេលទៅលេងកម្សាន្តនៅតាមបណ្តាខេត្តតាមរមណីយដ្ឋាននានាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនិងទាំងពេលត្រឡប់មករាជធានីភ្នំពេញវិញ៕




