ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា យើងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ៖ ៣ការពារ ៣កុំ និង ២ចូលរួម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 63

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា « យើងរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ៖ ៣ការពារ ៣កុំ និង ២ចូលរួម»

បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជាយើង បានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

ស្របពេលជាមួយគ្នានេះ ដើម្បីរួមចំណែកលើការងារអប់រំសាធារណាមតិឱ្យកាន់តែយល់ច្បាស់ថែមទៀតអំពីការការពារ និងបញ្ចៀសបាននូវជំងឺឆ្លងនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានផលិតនូវវីដេអូនេះឡើង ដោយបានលើកឡើងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ និងចាត់ទុកថា បញ្ហាប្រឈមចំពោះមុខ គឺមានលក្ខណៈស្មុគស្មាញ និងមានទំហំធំជាងព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដែលជាការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ កាលពីចុងឆ្នាំ ២០២០។ យើងទាំងអស់គ្នាពិតជានៅចងចាំយ៉ាងច្បាស់ ណាស់ថាព្រឹត្តិការណ៍ទាំង២ នោះត្រូវបានទប់ស្កាត់ និងបិទបញ្ចប់ដោយជោគជ័យនិងតែក្នុង រយៈពេលដ៍ខ្លីតែប៉ុណ្ណោះ។ វីដេអូនេះបានបង្ហាញនូវ វិធានការសុខាភិបាល ដ៏មានប្រសិទ្ធភាព ដែលអាចទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយមានការរីករាលដាល ការចូលរួមរបស់ប្រជាពលរដ្ឋ នៅតែជាកត្តាសំខាន់ ចាំបាច់មិនអាចខ្វះបានឡើយ។

ខ្លឹមសារក្នុងវីដេអូ បានរំលឹកថា ប្រជាពលរដ្ឋគ្រប់រូបអាចការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍របស់ខ្លួនកុំឲ្យកូវីដ-១៩ ចូលលុក លុយបាន ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣ កុំ និង២ចូលរួម ដូចខាងក្រោម៖

៣ការពារគឺ

ទី១. ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ

ទី២. ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ

ទី៣. ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ

៣កុំមានន័យថា

ទី១. កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ

ទី២. កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និង

ទី៣. កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់

ក្រៅពីនោះប្រជាពលរដ្ឋខ្មែរគ្រប់រូបក៏ត្រូវមានស្មារតី ២ចូលរួមទៀតផងដែរ

២ចូលរួមមានន័យថា

ទី១. ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ និង
ទី២. គឺចូលរួមប្រើ QR Code stop covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩

សូមបងប្អូនប្រជាពលរដ្ធចងចាំថា ប្រទេសកម្ពុជាយើងពិតជាមានភ័ព្វសំណាងដែលទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ។

សរុបមកវិញ វិធានការ ៣ការពារ, ៣កុំ និង ២ចូលរួម គឺជាអាវក្រោះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការពារ ខ្លួនយើង, ក្រុមគ្រួសារយើង និងសហគមន៍ យើងកុំឲ្យឆ្លងជម្ងឺកូវីដ ១៩។ ការចូលរួមអនុវត្តនូវវិធានការ ៣ការពារ, ៣កុំ និង ២ចូលរួមគឺដើម្បីខ្លួនយើង,ដើម្បីគ្រួសារយើង និងដើម្បី ប្រទេសជាតិយើង៕

សូមទស្សនាវីដេអូ ដូចតទៅ៖

អត្ថបទទាក់ទង