ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនផ្តល់ជំនួយជាង ២លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍ និងសមត្ថភាពយុវជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
ជប៉ុនផ្តល់ជំនួយជាង ២លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍ និងសមត្ថភាពយុវជនកម្ពុជា ជប៉ុនផ្តល់ជំនួយជាង ២លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍ និងសមត្ថភាពយុវជនកម្ពុជា

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងសម្រាប់ការកសាងសមត្ថភាពយុវជនខ្មែរ។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ ធ្វើឡើងក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអង្គការទទួលជំនួយចំនួនពីរ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងការផ្តល់ជំនួយនេះ ថវិកា ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹង ការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)» និង «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)» ហើយថវិកា ៤៧២,១១៣ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង «ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)»។

នាឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ លោកថ្លែងថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ»។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»៕

អត្ថបទទាក់ទង