អាវុធហត្ថភ្នំពេញ ចេញប្រតិបត្តការដឹកជញ្ជូនម៉ាសក្រណាត់ចំនួន១លាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីបែងចែកជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ។ ភ្លាមៗនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តការដឹកជញ្ជូនម៉ាស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង១លានម៉ាស ចេញពីឃ្លាំង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីទុកបែងចែកជូន បងប្អូនប្រជាពលរដ្ឋ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។
ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសនេះ អាវុធហត្ថរាជធានី ភ្នំពេញបានប្រើប្រាស់កម្លាំង វរអន្តរាគមន៍ ប្រមាណ៣០នាក់ រថយន្តដឹកជញ្ជូនធុនធំចំនួន៥គ្រឿង រថយន្តស៊ីរ៉ែន៤គ្រឿង ចេញទៅដល់គោលដៅលីសែង លើកដាក់ម៉ាសលើរថយន្តនិងទម្លាក់ចុះ តាំងពីពេលទទួលបានការប្រគល់ភារកិច្ចភ្លាមៗ រហូតដល់ម៉ោងជិត១០យប់ ទើបត្រឡប់ចូលទីបញ្ជាការវិញ ត្រៀមអនុវត្តន៍បទបញ្ជាផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង ហើយអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែស ក្នុងការចូលរួមការពារការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ នេះដែរ ដោយទាំងមុននិងក្រោយពេលចេញបំពេញបេសកកម្ម គឺតែងតែលាងដៃនឹងសាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជាសម្ភារៈប្រើប្រាស់និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស ត្រួតពិនិត្យកំដៅគ្រប់ៗគ្នា៕