ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2315
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ

ត្បូងឃ្មុំ៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ដល់យុវជនខេត្តត្បូងឃ្មុំសរុបចំនួន២២៣នាក់ ស្ថិតនៅសាលាខេត្តត្បូងឃ្មុំ នាភូមិនិគមលើ ឃុំប្រធាតុ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍ថា ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនយោបាយ ប្រកបដោយការទទួលស្គាល់ពីគ្រប់ស្រទាប់មហាជន ត្រូវមានចំណុចសំខាន់៣គឺ ទី១.ត្រូវយកជាតិជាធំ ការស្រលាញ់ទឹកដី ស្រលាញ់ប្រទេសជាតិ ធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិ និងមានមោទនភាពចំពោះជាតិសាសន៍ខ្លួនឯង ទី២.ការស្រលាញ់សាសនា ព្រោះសាសនាជាទីកន្លែងសក្ការៈបូជារបស់ប្រជាពលរដ្ឋគោរពនិងមានជំនឿ ដូចជានៅប្រទេសកម្ពុជាមានប្រជាពលរដ្ឋប្រមាណ៩៨%កាន់ព្រះពុទ្ធសាសនា និងទី៣.ត្រូវចេះថែរក្សាការពារ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិឲ្យបានគងវង្ស។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា យុវជនជាទំពាំងស្នងឬស្សី ដែលមិនអាចខ្វះបាន ប៉ុន្តែទំពាំងត្រូវចេះធ្វើសមាហរណកម្មជាមួយឬស្សី ដែលជាមនុស្សចាស់ដើម្បីទទួលបានបទពិសោធន៍ការងារល្អៗ និងការរស់នៅក្នុងសង្គមប្រកបដោយភាពជោគជ័យ ព្រមទាំងចេះស្វែងរកឱកាស បង្កើតឱកាស និងឆកយកឱកាសល្អដើម្បីឈានទៅសម្រេចគោលដៅរួម។
ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារយុវជនទាំងអស់ ត្រូវចេះរៀបចំផែនការប្រចាំថ្ងៃរបស់ខ្លួនក្នុងការអនុវត្តសកម្មភាពការងារ រួមជាមួយទស្សនវិស័យ ចក្ខុវិស័យច្បាស់លាស់ ត្រូវហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ហើយមុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវមានក្រមសីលធម៌ក្នុងការរស់នៅ ទើបញាំងជីវិតរបស់ខ្លួននិងប្រទេសជាតិរបស់យើងឲ្យកាន់តែល្អប្រសើរឡើងបន្ថែម៕

អត្ថបទទាក់ទង